សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានប្រកាសពីចំនួនមេដាយសរុបដែលអត្តពលិករបស់ខ្លួនដណ្តើមបានពីការប្រកួតជើងឯកអាស៊ីលើកទី១០ នៅប្រទេសឥណ្ឌាគឺមានចំនួនរហូតដល់ទៅ ២៤។ នៅក្នុងចំណោមមេដាយទាំង២៤នោះរួមមាន៖ មេដាយមាស ៣ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ២៤ ។

កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈចំណាត់ថ្នាក់លេខ២គឺប្រទេសកាហ្សាក់ស្ថាន និងចំណាត់ថ្នាក់លេខ១ បានទៅលើកូរ៉េខាងជើងដែលជាម្ចាស់ក្បាច់គុន។ នៅមាន ១០ប្រទេសទៀតដែលមានចំណាត់ថ្នាក់ស្ថិតនៅពីក្រោមកម្ពុជា ដែលនេះគឺជាកំណត់ត្រាថ្មីដ៏អស្ចារ្យមួយទៀតសម្រាប់ ITF កម្ពុជា។ 

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានប្រតិភូដឹកនាំផ្ទាល់ ឯកឧត្តម កែវ រ៉េមី បានកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់អត្តពលិកទាំងអស់ ហើយឯកឧត្តមបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមផងដែរថា ក្តីសុបិន្តរបស់ឯកឧត្តមបានក្លាយជាការពិតហើយ។ គ្មានអ្វីរំភើបជាងការបានឃើញទង់ជាតិបង្ហូតឡើង និងភ្លេងជាតិបន្លឺឡើងសមដូចបំណងនោះឡើយ ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីសរុបចំនួន ២៧នាក់ទៅចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីលើកទី១០ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌាកាលពីថ្ងៃទី១៩ ខែសីហា រហូតដល់បិទបញ្ចប់នៅល្ងាចថ្ងៃទី២៥ ខែសីហា ម្សិលមិញ ដោយប្រតិភូនឹងដឹកនាំគ្រូប្វឹក និងអត្តពលិកទាំងអស់ត្រលប់មកដល់មាតុប្រទេសវិញនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ព្រមទាំងមានស្ពាយមេដាយមកជាមួយរហូតដល់ទៅ ២៤ ក្នុងនោះមានមេដាយមាសចំនួន៣ ផងដែរ ៕