បន្ទាប់ពីមានដំណឹងលេចលឺពីការណាត់ជួបរបស់តារាសម្តែងគីមជីសក(Kim Ji-seok) និង លី ជូម្យុង(Lee Joo-myung), កាលពីថ្ងៃទី 14 សីហា អ្នកតំណាងឱ្យផលិតកម្ម អេលៀនខមផេនី(Alien Company) ដែលជាទ្រនំរបស់ គីមជីសក(Kim Ji-seok) បានចេញមកបញ្ជាក់ពីទំនាក់ទំនងពួកគេ ទាំងពីរនាក់ថា “ពួកគេពិតជាមានទំនាក់ទំនងល្អជាមួយគ្នាពិតមែន ពួកយើងរីករាយជាខ្លាំងប្រសិនបើ អ្នកទាំងអស់គ្នាឃ្លាំមើលពួកគេដោយក្រសែភ្នែកកក់ក្តៅ”។ ចំណែកឯអ្នកតំណាងឱ្យផលិតកម្ម YG Entertainment ដែលជាទ្រនំរបស់លី ជូម្យុង(Lee Joo-myung) ក៏បានចេញមកបញ្ជាក់ឱ្យដឹងដែរថា “ជាការពិតដែលពួកគេបានណាត់ជួបគ្នា យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគាំទ្រពួកគេដោយភាព កក់ក្តៅ”។
ក្រោយពេលដែលផលិតកម្មទាំងពីរបានចេញមកបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេរួចមក ស្រាប់តែមានពត៌មានក្នុងស្រុកបានរាយការណ៍ថាតារាសម្តែងស្រី លី ជូម្យុង(Lee Joo-myung) បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយផលិតកម្ម YG Entertainment ទៀតទេ និងត្រៀមចុះកុងត្រាថ្មីជាមួយផលិតកម្ម Alien Company ដែលជាទ្រនំរបស់គីមជីសក។ យ៉ាងណាមិញ អ្នកតំណាងឱ្យផលិតកម្ម YG Entertainment ក៏បានចេញមកបញ្ជាក់ អំពីបញ្ហានេះផងដែរថា “កុងត្រារបស់លី ជូម្យុង(Lee Joo-myung) និង YG បានផុតហើយ និងជាការពិតដែលតារាសម្តែងស្រីម្នាក់នេះនឹងចុះកុងត្រា ជាមួយផលិត Alien Company” ។ ស្របពេលជាមួយគ្នានេះ អ្នកតំណាងឱ្យផលិតកម្ម Alien Company ក៏បានចេញមកបញ្ជាក់ឱ្យដឹងដូចគ្នាថា “ជាការពិតដែលខាងយើងបានចុះកុងត្រា ជាមួយតារាសម្តែងស្រី លី ជូម្យុង(Lee Joo-myung)” ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនក៏បានចូលរួមសម្តែងក្តីរំភើបនិងក្តីត្រេកអរចំពោះសេ្នហា របស់ពួកគេផងដែរ ៕