សហគមន៍រដ្ឋ ម៉ាសាឆូសេត (Massachusetts) កំពុងស្ថិតក្នុងការប្រុងប្រយត្ន័ខ្ពស់ ខណៈដែលមេរោគដ៏កាចសាហាវ ដែលឆ្លងតាមរយៈ សត្វមូស កំពុងរីករាលដាល និងគំរាមកំហែងដល់ប្រជាជនទូទាំងតំបន់។ អាជ្ញាធរក្នុងតំបន់ បានចាត់វិធានការដើម្បីការពារការរីករាលដាលនៃមេរោគ អ៊ីសទើន អ៊ីឃ្វីន អែនស៊ីហ្វាលីធីស (Eastern Equine Encephalitis) ឬហៅកាត់ អ៊ីអ៊ីអ៊ី ដែលធ្វើឲ្យអ្នកឆ្លងមេរោគនេះ មានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ក្អួត រាគ ប្រកាច់ ផ្លាស់ប្តូរអាកប្បកិរិយា និងងងុយគេង ខណៈដែលប្រមាណ 30 ភាគរយនៃអ្នកជម្ងឺដែលឆ្លងវីរុសនេះ បានស្លាប់បាត់បង់ជិវិត។ គួរបញ្ជាក់ផងដែរថា យោងតាមការប្រែប្រួលអាកាសធាតុសកល និងការកើនឡើងនៃកំដៅ បានជំរុញឲ្យមានការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវ និងចម្លែកៗជាច្រើន ដែលកំពុងរាតត្បាតពាសពេញពិភពលោក ។