បន្ទាប់ពីមានការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនសប្តាហ៍កន្លងមកនេះ កម្មវិធី Miss Grand Laos 2024 រកឃើញម្ចាស់ជ័យលាភីហើយ ដែលបានទៅលើបវរកញ្ញាមកពីខេត្តចំប៉ាសាក់ នាងមានឈ្មោះថា ពីម៉ៃ ស៊ុកសាវ៉ាន់ វង្សស៊ុមភូ (Pimai Souksavanh Vongsomphou) មានអាយុ 28 ឆ្នាំ ជាមួយនឹងកម្ពស់ 166 សង់ទីម៉ែត្រ។ បច្ចុប្បន្ននាងមានអាជីពជាអ្នកទីផ្សារនាំចូលឧបករណ៍ហាត់ប្រាណពីប្រទេសថៃមកកាន់ប្រទេសឡាវ, ជាគ្រូបង្ហាត់កាយវប្បកម្មឯករាជ្យ និងបានបញ្ចប់វគ្គសិក្សាបង្ហាត់ប្រាណផ្នែកយូហ្គាផងដែរ។ យ៉ាងណាមិញ នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនាងបានលើកយកប្រធានបទ “ការប្រើប្រាស់អំពើហិង្សាទៅលើស្ត្រី” ជាការតស៊ូមតិរបស់នាង។ នៅក្នុងការតស៊ូមតិនោះនាងបាននិយាយប្រាប់ឱ្យដឹងថា សង្គមឡាវបច្ចុប្បន្នជាសង្គមដែលនៅតែមានការប្រើអំពើហិង្សាលើស្ត្រី តាមរយៈពាក្យសម្តី កម្លាំងបាយ និងការរំលោភបំពានលើរាងកាយជាដើម ហើយនាងបានស្នើរសុំឱ្យរដ្ឋាភិបាលគិតគូរនៅត្រង់ចំណុចនេះដោយអនុវត្តន៍ច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពនៅក្នុងប្រទេសឡាវ។ ដោយឡែកនៅជុំប្រាំនាក់ចុងក្រោយ នាងជ្រើសបានសំណួរមួយសួរថា “បើសិនជាប្អូនអាចជ្រើសរើសកំណើតបាន តើប្អូនចង់កើតជាភេទប្រុសឬភេទស្រី?” នាងបានឆ្លើយថា នាងពេញចិត្តនឹងភេទដែលខ្លួនកំពុងមាននៅពេលនេះ គឺជាភេទស្រី បើសិនជាគ្មានភេទស្រីទេ ក៏មិនអាចផ្តល់កំណើតដល់ភេទដ៏ទៃទៀតបានដែរ។ នាងក៏បានបន្តទៀតថា ភេទស្រីមិនត្រឹមតែជាភេទដែលផល់កំណើតឱ្យកូនប៉ុណ្ណោះទេ ថែមទាំងជាភេទដែលចិញ្ចឹមបីបាច់កូន ផ្តល់ការអប់រំដល់កូនឱ្យធ្វើជាមនុស្សល្អដ៏មានធនធាននៅក្នុងសង្គមមួយផងដែរ ។

នេះគឺជាចម្លើយដ៏ក្បោះក្បាយរបស់នាង ពីម៉ៃ ស៊ុកសាវ៉ាន់ វង្សស៊ុមភូ ដែលអាចទាក់ចិត្តគណៈកម្មការរបស់កម្មវិធី Miss Grand Laos 2024, រហូតធ្វើឱ្យរបូតមកុដមកនៅលើក្បាលរបស់នាង។ ជាមួយនឹងជ័យលាភីដ៏ធំនេះ នាងនឹងបន្តដំណើរបន្តទៀតក្នុងនាមតំណាងឱ្យប្រទេសឡាវនៅក្នុងការប្រកួត Miss Grand International 2024 ដែលកម្មវិធីប្រកួតនឹងប្រព្រឹត្តនៅក្នុងខែតុលាខាងមុខនេះ ដោយមានប្រទេសកម្ពុជា និងប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ៕