តារាចម្រៀង និងសម្តែង ដ៏មានទេពកោសល្យ នាង Sabrina Carpenter(សាប្រ៊ីណា ខាផេនធឺ) ម្ចាស់បទ Nonsense និង Espresso ដែលកន្លងមកទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកលេងបណ្តាញសង្គម TikTok។ មិនត្រឹមតែជាតារាចម្រៀងវ័យក្មេងពោរពេញដោយសមត្ថភាពប៉ុណ្ណោះទេ នាងថែមទាំងធ្លាប់ច្រៀងបើកកម្មវិធីនៅក្នុងការប្រគុំតន្ត្រី ‘Eras Tour’ របស់តារាចម្រៀងស្ទាយខាន់ទ្រីផប់ នាងថេល័រស្វីហ្វ ផងដែរ។ ថ្មីៗនេះ នាង Sabrina Carpenter (សាប្រ៊ីណា ខាផេនធឺ) បានចំណាយលុយជាង 4.4 លានដុល្លារសហរដ្ឋអាមេរិក ទិញផ្ទះស្ទាយអេស្ប៉ាញ នៅ Hollywood Hills ក្នុងទីក្រុងឡូសអេនជេឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ជាផ្ទះដែលមាន 4 បន្ទប់គេង, 5 បន្ទប់ទឹក និងបានសាងសង់នៅអំឡុងទស្សវត្សឆ្នាំ1930 ។

សូមរំលឹកថា៖ នាង Sabrina Carpenter (សាប្រ៊ីណា ខាផេនធឺ) ដែលជាតារាចម្រៀងកំពុងទទួលបានការពេញនិយម កើតនៅថ្ងៃទី11 ខែឧសភា ឆ្នាំ1999 នៅលីហៃវែលវេ រដ្ឋផេនស៊ីលវ៉ានី សហរដ្ឋអាមេរិក និងជាកូនពៅក្នុងចំណោមបងប្អូន4នាក់ ៕