ជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះនៅកម្ពុជា ព្រោះថាសល់តែ 1ថ្ងៃទៀតប៉ុណ្ណោះការប្រកួតបាល់ទះសម្ដេចមហាបវរធីបតី SEA V League Challenge ឆ្នាំ២០២៤ នឹងចាប់ផ្ដើមដោយមានក្រុមជម្រើសជាតិខ្លាំងៗចំនួន៤ប្រទេសចូលរួមដូចជាក្រុមជម្រើសជាតិឡាវ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ។
សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិមួយនេះនឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅសាលបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិ។ ក្រុមខ្លាំងៗទាំង៤នឹងធ្វើការប្រកួតគ្នា ដើម្បីស្វែងរកជើងខ្លាំងមួយក្រុមទៅលេងនៅ SEA V League ឆ្នាំ២០២៥ ជាមួយបួនប្រទេសដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម និង ហ្វីលីពីន ខណៈជើងឯក SEA V League ក្នុងឆ្នាំ២០២៤ ទាំង២ជើងនៅហ្វីលីពីននិងឥណ្ឌូនេស៊ី បានទៅលើប្រទេសថៃ ជើងឯករងបានលើឥណ្ឌូនេស៊ី លេខ៣និងលេខ៤បានលើហ្វីលីពីននិងវៀតណាម ។
គួរបញ្ជាក់ថាការប្រកួតទះពានរង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់លក់សំបុត្រដោយបែងចែកតម្លៃពីរប្រភេទមានតំបន់ A (Zone A) តម្លៃ ១០ ០០០រៀល មាន ៥០០កៅអី និងប្រភេទ B (Zone B) តម្លៃ ៥ ០០០រៀល មាន ៣ ០០០កៅអី ។
ហើយបើតាមការបញ្ជាក់ពីផេករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ចំណូលដែលបានពីការលក់សំបុត្រនឹងឧបត្ថម្ភទៅមណ្ឌលកុមារកំព្រា ។