រាជធានីភ្នំពេញ ៖

សិស្សស្រីម្នាក់បានរងរបួសជើង ខណៈនាងជិះម៉ូតូម៉ាកSuzuki Nex ១គ្រឿង ក្នុងល្បឿនលឿន ហើយ បានវាក់ជាមួយរថយន្តម៉ាកToyota RAIZE ១គ្រឿង បើកបរដោយស្រ្តីជនជាតិចិនម្នាក់ ដែលបានបត់ឆ្វេងឆ្លងផ្លូវ បម្រុងចូលទៅកន្លែងលាងរថយន្ត បណ្តាលឲ្យម៉ូតូ គេចពុំទាន់ ក៏បានបុកចំកាងមុខរថយន្តខាងលើ ដួលម៉ូតូទាំងកំរោល ។

គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ។


អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញសិស្សស្រីម្នាក់ជិះម៉ូតូម៉ាកSuzuki Nex ១គ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ1O-8573 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយរថយន្ត១គ្រឿងម៉ាកToyota RAIZE ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BS-1090 បើកបរដោយស្រ្តីជនជាតិចិនម្នាក់ ខណៈដែលរថយន្តនោះកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ហើយបត់ឆ្វេងឆ្លងផ្លូវចូលទៅកន្លែងលាងរថយន្តមួយកន្លែងស្ថិតនៅតាមផ្លូវនោះ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះខាងម៉ូតូគេចមិនទាន់ក៏ជ្រុលទៅបុកចំកាងមុខរថយន្ត បណ្ដាលឲ្យដួលរងរបួសជើងតែម្ដង រីឯ រថយន្តនិងម៉ូតូ បានរងការខូចខាតដូចគ្នា។ បន្ទាប់មក នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅដល់កន្លែងកើតហេតុ ហើយ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ៕