កំពង់ឆ្នាំង ៖ 

ចំពោះករណីផឹកស៊ីជុំគ្នា ហើយ ព្រួតគ្នាវាយសម្លាប់បុរសម្នាក់ បង្វែរទៅជាករណីលង់ទឹកនោះ តាមពិតជាករណីឃាតកម្ម ត្រូវជំនាញអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងបានហើយ! ក្រោមការយកចិត្តទុកដាក់ពីឯ.ឧ ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង និង សម្របសម្រួលពីឯ.ឧ ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង ។

លោកវរៈសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឲ្យដឹងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ថា៖ផ្អែកតាមសាក្សី និងតម្រុយនានា និងក្រោយការសាកសួរយ៉ាងយកចិត្តទុកដាក់ ជនសង្ស័យបានសារភាពថា៖នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ពួកគេទាំង២នាក់ បានផឹកស្រាជាមួយជនរងគ្រោះ ឈ្មោះ ប្រាក់ សុម៉ាលី ហៅ ជុយ តាំងពីព្រឹករហូតដល់ម៉ោងប្រមាណ១១ថ្ងៃត្រង់ មិនចាំថាអស់ស្រាប៉ុន្មានលីត្រទេ គឺបានទិញស្រាជាបន្តបន្ទាប់ផឹករហូត លុះពេលស្រវឹងឈ្មោះ ប៊ុត  សំប៊ុន ហៅ កិ បានបបួលឈ្មោះ ប្រាក់ សុមាលី ហៅ ជុយ លេងបោកចំបាប់ ។

ពេលលេងបោកចំបាប់នោះ ឈ្មោះ ប៊ុត សំប៊ុន បោកចំបាប់ចាញ់ឈ្មោះ ប្រាក់ សុមាលី ដែលបានសង្កត់ក្បាលផ្ទប់ពីលើ ដកដង្ហើមមិនចង់រួច លុះរើរួចខ្លួន ក៏ខឹង ហើយបានទាត់និងធាក់ឈ្មោះ ប្រាក់ សុម៉ាលី ជាជនរងគ្រោះ ចំនួន២ជើង បណ្ដាលឲ្យធ្លាក់ទៅក្នុងទឹកស្រះ និងបានហក់ធាក់ពីលើ ព្រមទាំងជ្រមុជទឹកជនរងគ្រោះ បន្ថែមរហូតដល់ស្លាប់ ។

ចំណែកឈ្មោះ មាស កាក់ ដែលជាអ្នកចូលរួមផឹកស៊ីជាមួយ មិនបានធ្វើសកម្មភាពទេ តែនៅឈរមើល និងមិនបានជួយឃាត់ឡើយ ថែមទាំងលាក់រឿង មិនរាយការណ៍ប្រាប់សមត្ថកិច្ចទៀត។ ក្រោយពីជនរងគ្រោះស្លាប់ក្នុងទឹកហើយ ទើបពួកគេទាំង២នាក់ទៅផ្ទះរៀងៗខ្លួន រហូតដល់ម៉ោង៣រសៀល ទើបមានការភ្ញាក់ផ្អើល ថាមានមនុស្សស្លាប់ក្នុងស្រះទឹក។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានអនុវត្តតាមនិតិវិធី ដោយម្នាក់ពាក់ព័ន្ធពីបទឃាតកម្ម និងម្នាក់ទៀតពាក់ព័ន្ធពីបទសមគំនិតឃាតកម្ម ៕