(ភ្នំពេញ)៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈសកម្មភាពនៃឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ ប្រជាជនទាំងពីរនឹងកាន់តែជិតស្និទ្ធ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពដែកថែបចិន និងកម្ពុជា និងចាក់បញ្ចូលកម្លាំងជំរុញដ៏ខ្លាំងក្លាបន្ថែមទៀតចូលទៅក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី។
លោកឯកអគ្គរដ្ឋទូតចិន ថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fresh News នាឱកាសកម្មវិធីពិព័រណ៍ និងការសម្តែងសិល្បៈ ក្រោមប្រធានបទ «តែ និងពិភពលោក៖ ភាពសុខដុមរមនាសាកល» ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
លោកឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា «ការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ចិន-កម្ពុជា គឺជាការព្រមព្រៀងយ៉ាងសំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ហើយក៏ជាកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ពោលគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលមានវិស័យអាទិភាពចំនួន ៦ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា»។
លោកឯកអគ្គរដ្ឋទូតចិន បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ដែលសង្គេតឃើញថា នៅឆមាសទី១ ឆ្នាំ ២០២៤នេះ ក្រុមសិល្បៈថ្នាក់ជាតិពីប្រទេសកម្ពុជាបានរួមគ្នាសម្តែងក្នុងរមណីយដ្ឋានអង្គរ ដែលជាការបើកសម្ពោធទស្សនីយភាពដ៏អស្ចារ្យសម្រាប់ឆ្នាំនៃការផ្លាស់ប្ដូរវប្បធម៌។ ក្រុមប្រតិភូពីប្រទេសចិន បានមកធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជាជាបន្តបន្ទាប់ ហើយព្រឹត្តិការណ៍ដូចជា «សៅលីងមកប្រាសាទអង្គរវត្ត» ក៏ត្រូវបានប្រារព្ធឡើង។ ប្រទេសទាំងពីរ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាប្រទេសកម្ពុជាក្នុងឆមាសទីមួយនៃឆ្នាំនេះមានការកើនឡើង ៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមអ្នកសារព័ត៌មានចិនជាច្រើននាក់ បានមកកម្ពុជា ដើម្បីប្រមូលព័ត៌មាន ហើយកម្មវិធីពាក់ព័ន្ធផ្សេងៗទៀត ក៏បានជំរុញឱ្យមានការឆ្លើយតបយ៉ាងកក់ក្តៅ និងវិជ្ជមាននៅក្នុងប្រទេសចិន។ កិច្ចសហប្រតិបត្តិការផ្នែកសុខភាពរវាងចិន និងកម្ពុជា បានបន្តផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ម្យ៉ាងទៀត មូលនិធិចែករំលែកដែលបង្កើតដោយហុងកុង បានចូលរួមលុបបំបាត់ជំងឺពិការភ្នែកភ្នែកឡើងបាយ នៅខេត្តព្រៃវែង ដែលនាំមកនូវពន្លឺដល់ប្រជាជនកម្ពុជាជិត ៣ ៩០០ នាក់។
ជាមួយគ្នានេះ នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤ ភាគីចិននឹងបន្តអនុវត្តសកម្មភាពផ្លាស់ប្តូរវប្បធម៌បន្ថែមទៀតជាមួយភាគីកម្ពុជា ក្នុងនោះនឹងមានការរៀបចំកិច្ចសន្ទនាយុវជនរវាងប្រទេសចិន និងកម្ពុជា ដើម្បីបង្កើនការយោគយល់គ្នារវាង «Generation Z» នៃប្រទេសទាំងពីរ, ការរៀបចំកម្មវិធី «China-Cambodia in the Same Performance» ក្នុងពេលដំណាលគ្នានៅក្នុងប្រទេសទាំងពីរ, ការរៀបចំសន្និសីទទីក្រុងមិត្តភាពកម្ពុជា-ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅថ្នាក់មូលដ្ឋាន និងការដាក់ឱ្យដំណើរការឡើងវិញនៃមជ្ឈមណ្ឌលវប្បធម៌ចិននៅភ្នំពេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ផងដែរថា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានសម្ពោធជាផ្លូវការកាលពីខែមករា នៅខេត្តសៀមរាប ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជាមានប្រវត្តិដ៏យូរលង់ ហើយការផ្លាស់ប្តូរវប្បធម៌ដើរតួនាទីមិនអាចខ្វះបានប្រៀបដូចជាស្ពាន និងចំណង។ ទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្នបានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍ចិន-កម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា ហើយការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរក៏កំពុងបោះជំហានទៅមុខថ្មីមួយផងដែរ៕