កាលពីថ្ងៃទី13 ខែកញ្ញា ឆ្នាំ2024 កន្លងទៅនេះ បេក្ខនារីតំណាងឱ្យប្រទេសកម្ពុជាមួយរូប គឺកញ្ញា អ៊ិន លក្ខិណា បានចាកចេញពីប្រទេសកម្ពុជាដើម្បីទៅចូលរួមប្រកួតសម្រស់លក្ខណៈអន្តរជាតិនៅលើវេទិកា Miss Cosmo 2024 នៅឯប្រទេសវៀតណាមហើយ។ ស្ថិតនៅក្នុងទិដ្ឋភាពនៃការចូលរួមជូនដំណើរយ៉ាងច្រើនកុះករពីបណ្តាអ្នកគាំទ្ររបស់ខ្លួន ក្នុងនោះក៏មានមិត្តរួមជំនាន់ប្រកួតនៅលើវេទិកាបវកញ្ញាដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2023 ក៏បានមកចូលរួមជូនដំណើរដល់កញ្ញា អ៊ិន លក្ខិណាផងដែរ នោះគឺកញ្ញា ភឹម ស្រីនោ ម្ចាស់ជ័យលាភីលេខមួយពីកម្មវិធីនេះផ្ទាល់តែម្តង ។
ត្បិតថាកន្លងមក នៅលើឆាកប្រកួតមានការខំប្រឹងយកជ័យជំនះរៀងៗខ្លួនក៏ពិតមែន ប៉ុន្តែនៅខាងក្រោយឆាកវិញ ពួកគេពិតជាស្រឡាញ់រាប់អានគ្នាដូចជាបងនិងប្អូនអ៊ីចឹង។ យ៉ាងណាមិញមុននឹង កញ្ញា អ៊ិន លក្ខិណា ឡើងយន្តហោះទៅប្រកួតនៅលើឆាកអន្តរជាតិ កញ្ញា ភឹម ស្រីនោ ក៏មានពាក្យជូនពរទៅកាន់មិត្តរួមជំនាន់ប្រកួតផងដែរ គឺឱ្យទទួលបានភាពជោគជ័យ សមតាមបំណងប្រាថ្នារបស់ខ្លួន និងនាំមុខមាត់ជូនជាតិមាតុភូមិវិញជាដើម។ ជាមួយគ្នានេះ កញ្ញា ភឹម ស្រីនោ ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃវេទិកា Miss Cosmo 2024 នៅថ្ងៃទី5 ខែតុលា ខាងមុខនេះ កញ្ញាក៏នឹងមានវត្តមានទៅចូលរួមលើកទឹកចិត្ត អ៊ិន លក្ខិណា ដល់វេទិកាប្រកួតផ្ទាល់តែម្តង ៕