កាលពីថ្ងៃអង្គារ ទី3 ខែកញ្ញា សហរដ្ឋអាមេរិកបានប្រកាសចោទប្រកាន់បទព្រហ្មទណ្ឌ ប្រឆាំងនឹងមេដឹកនាំកំពូលរបស់ក្រុមហាម៉ាសលើតួនាទីរបស់ពួកគេក្នុងការរៀបចំផែនការ គាំទ្រ និងអនុវត្តការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែល ដែលបង្កជាសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្គាហ្សារហូតមកដល់ពេលបច្ចុប្បន្តនេះ។
ការចោទប្រកាន់នេះ ធ្វើឡើងលើបុគ្គលចំនួន 6 នាក់ ក្នុងនោះមានមេដឹកនាំក្រុមហាម៉ាសដែលទើបឡើងកាន់អំណាច គឺលោក ស៊ីនវ៉ា (Sinwar) ដែលជឿជាក់ថាកំពុងលាក់ខ្លួននៅក្នុងតំបន់ហ្គាហ្សា លោក ខាលីត ម៉ាសល (Khaled Meshaal) ដែលកំពុងរស់នៅក្នុងទីក្រុង ដូហា (Doha) លោក អាលី បារ៉ាកា (Ali Baraka) ដែលកំពុងនៅក្នុងប្រទេសលីបង់ និងបុគ្គល 3 នាក់ទៀតដែលត្រូវបានសម្លាប់ គឺអតីតមេដឹកនាំក្រុមហាម៉ាស់ លោក អ៊ីសម៉េល ហានីយេ (Ismail Haniyeh) ប្រធានស្លាបយោធាលោក មូហាមេដ ឌីហ្វ (Mohammed Deif) និងលោក ម៉ាវ៉ាន អ៊ីសា (Marwan Issa) មេបញ្ជាការរងយោធាក្រុមហាម៉ាស ។