លីន ឈីងសៀ (Brigitte Lin) តារាសម្តែងជើងចាស់ដ៏មានឈ្មោះបោះសម្លេងមកពីកោះតៃវ៉ាន់ និងហុងកុង តាមរយៈខ្សែភាពយន្តរឿង ថាំងចេងទៅចម្លងធម៌ ឆ្នាំ1986 ដែលដើរតួជាបីសាចនៅក្នុងវគ្គនគរស្រីល្វ បច្ចុប្បន្នលោកស្រីមានអាយុខ្ទង់ 70 ឆ្នាំហើយ។ ដោយឡែកកាលពីពេលថ្មីៗនេះ លោកស្រីបានចែករំលែកអំពីអាថិកំបាំងក្នុងការថែរក្សាសម្រស់ឱ្យនៅមានភាពវ័យក្មេងទៅកាន់អ្នកគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា មុននឹងចង់ទទួលបានសម្រស់ស្រស់ស្អាត មិនមានភាពចាស់ជ្រៀវជ្រួញទៅតាមវ័យ គឺត្រូវចាប់ផ្តើមពីខ្លួនយើងជាមុនសិន ដោយការធ្វើលំហាត់ប្រាណជាប្រចាំ ហើយចំណុចសំខាន់មួយទៀតគឺរបបអាហារ គឺត្រូវជៀសវាងអាហារប្រភេទខ្លាញ់ ជាពិសេសប្រភេទខ្លាញ់ដែលប៉ះពាល់ដល់សុខភាព ដូចជា ប្រភេទខ្លាញ់មិនរលាយ និងប្រភេទខ្លាញ់កក ព្រោះពពួកខ្លាញ់ទាំងនេះអាចជួយពន្លឿនដំណើរការនៃភាពចាស់បានយ៉ាងឆាប់រហ័ស ។
មិនត្រឹមតែប៉ុណ្ណោះអាហារទាំងនេះក៏អាចធ្វើឱ្យយើងឡើងទម្ងន់ និងជួយជំរុញការបង្កើតរ៉ាឌីកាល់សេរីនៅក្នុងខ្លួនដែលជាមូលហេតុបណ្តាលឱ្យមានការបំផ្លាញកោសិកាស្បែក ធ្វើឱ្យស្បែកមានស្នាមជ្រួញ និងស្បែកឆាប់ចាស់ថែមទៀតផង ហើយគួរងាកមកទទួលទានអាហារប្រភេទបន្លែពណ៌បៃតង និងផ្លែឈើឱ្យបានច្រើនជំនួសវិញ ដើម្បីឱ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីទៅប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយលាងជាតិពុលចេញពីក្នុងរាងកាយ ជួយជួសជុលកោសិកាចាស់ៗ និងជួយកាត់បន្ថយស្នាមជ្រៀវជ្រួញជាដើម ។
ដូចនេះដើម្បីជៀសវាងអាហារដែលមានខ្លាញ់មិនល្អចំពោះសុខភាព គួរបរិភោគអាហារដែលមានដូចជា បន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានវីតាមីនស៊ីខ្ពស់ គ្រាប់ធុញ្ញជាតិ ត្រី តែបៃតង យ៉ាអ៊ួ ការ៉ុត ដំឡូងជ្វា សូកូឡាល្វីង ប្រេងល្ហុងសុទ្ធ និងទឹកជាចម្បង ដើម្បីថែរក្សាសុខភាពស្បែកពន្យាភាពចាស់ និងជួយឱ្យក្មេងជាងវ័យជាដើម ៕