បន្ទាយមានជ័យ៖
កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបានគ្រឿងញៀនជាង73គីឡូក្រាម ឃាត់ខ្លួនជនជាតិថៃ៥នាក់ និងកាំភ្លើង១ដើម នៅក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវធី ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មាន និងមានការអនុវញ្ញាតិពីលោកឧត្តមសេនីយ៍មេបញ្ជការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិថៃ ចំនួន០៥នាក់ នៅចំណុចផ្ទះលេខ C62 ក្នុងបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ការបង្រ្កាបករណីជួញដូរគ្រឿងញៀនដ៏ធំរបស់ជនជាតិថៃនេះ សមត្ថកិច្ច ដកហូតវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ មាន៖ប្រភេទម៉្សៅក្រាម ពណ៌សថ្លា (ICE) ចំនួន71កញ្ចាប់ ទម្ងន់73គីឡូក្រាមនិង675ក្រាម ព្រមទាំងវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ ដែលសរុបទំងន់គ្រឿងញៀន 73គីឡូក្រាម និង 806.10 (៨រយ៦ក្បៀស១០) ក្រាម ។ ក្រៅពីនេះ សមត្ថកិច្ចអាវុធហត្ថ រកឃើញកាំភ្លើងខ្លី 1ដើម មានបង់ចំនួន2 គ្រាប់ចំនួន19គ្រាប់ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថាផ្ឣែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនជនជាតិថៃទាំង៥នាក់ មកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕