គណៈកម្មការរៀបចំទិវារត់ប្រណាំង AIA Pink Run បានអំពាវនាវដល់មហាជន និងអ្នកស្រឡាញ់ការរត់ប្រណាំងសូមចុះឈ្មោះចូលរួមរត់ប្រណាំង ដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្យ អង្គការ សាលារៀន ដោយការទទួលចុះឈ្មោះបន្តរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ខណៈទិវារត់ប្រណាំងនេះ គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ ។
លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍កីឡារត់ប្រណាំងរបស់កម្ពុជាគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ មានអ្នកចុះឈ្មោះជាង១០០០នាក់ហើយ។ AIA Pink Run ជាព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីជាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ហើយក៏ជួយពិនិត្យជូនមហាជនចូលរួមដោយឥតគិតថ្លៃលើជំងឺមហារីកសុដន់ទៀតផង។ ថវិកាដែលបានមកពីការចុះឈ្មោះរបស់មហាជននឹងយកទៅជួយលើកិច្ចការមនុស្សធម៌ ដូចជាយកទៅជូនមន្ទីរពេទ្យ អង្គការ និងសាលាដែលខ្វះខាត នៅតាមបណ្ដាខេត្ត និងជួយឧបត្ថម្ភលើចលនាកីឡាផ្សេងៗនៅប្រទេសកម្ពុជាជាដើម ។ ចំពោះវិញ្ញាសារត់ប្រណាំង មានដូចជា រត់១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង២,៥គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅមុខវត្តបទុមវតី រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ។
គួររម្លឹកថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត AIA Pink Run ត្រូវបានរៀបចំឡើងលើកទី១ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ និងរត់កម្សាន្ត ដើម្បីសប្បុរសធម៌ និងកាត់បន្ថយជំងឺមហារីកសុដន់ (AIA Pink Run) នៅមុខសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង ៣៦០០នាក់ ក្នុងនោះ អត្តពលិកជាតិ មានចំនួន ៣,៣៥០នាក់ និងអ្នករត់បរទសស្នាក់នៅកម្ពុជា មានចំនួន ២៥១នាក់។ កាលពីឆ្នាំមុននេះ អ្វីជាការកត់សម្គាល់ ការផ្សព្វផ្សាយចុះឈ្មោះទទួលអ្នកចុះឈ្មោះចូលរួមរត់ប្រណាំង មានរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ ប៉ុន្តែគណៈកម្មការទទួលបានអ្នករត់ជាតិ និងអន្តរជាតិជាង ៣៦០០នាក់ ដោយចំនួនដ៏ច្រើននេះបញ្ជាក់ឱ្យឃើញពីទឹកចិត្តរបស់កីឡាករ កីឡាការិនី ប្រជាជនកម្ពុជាយើងស្រឡាញ់ និងមានមោទនភាពចូលរួមរត់ប្រណាំង។ ចំនួនអ្នករត់ដ៏ច្រើន ដែលបើកការចុះឈ្មោះក្នុងរយៈពេលខ្លីបែបនេះ អាចចាត់ទុកថា នេះជាការលើកដំបូង ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ដែលតាមធម្មតា ចំនួនអ្នកចុះឈ្មោះជាង ៣៦០០នាក់ គឺត្រូវចំណាយពេលពី៣ខែទៅ៤ខែឯណោះទើបទទួលចំនួនច្រើនបែបនេះ ។
ជារួម នាយកចាត់ការទូទៅទិវារត់ប្រណាំងប្រចាំកម្ពុជារូបនេះបានចាត់ទុកថា ចំនួនកើនឡើងក្នុងទិវារត់ប្រណាំងមួយនេះ ក៏បានបង្ហាញពីទឹកចិត្តស្រឡាញ់ចូលរួមរបស់ប្រជាជនកម្ពុជា ដោយពួកគាត់កាន់តែយល់ដឹងពីការចូលរួមចំណែកក្នុងសង្គមជាតិ តាមរយៈវិស័យកីឡា ជាសេសគឺប្រជាជនកម្ពុជាកាន់តែយល់ដឹងកាន់តែស៊ីជម្រៅនៃចូលរួមលេងកីឡា ការរត់ប្រណាំង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ស្របពេលដែលឪពុកម្តាយមួយចំនួនបាននាំកូនតូចៗចូលរួមរត់ប្រណាំងកម្សាន្ត ដើម្បីបណ្តុះស្មារតីស្រឡាញ់កីឡាដល់កុមារ និងយុវជនកម្ពុជាឱ្យចូលរួមក្នុងសកម្មភាពកីឡាកាន់តែច្រើនឡើងបន្ថែមទៀត ៕