បើនិយាយពីសិល្បករវ័យក្មេងដ៏មានទេពកោសល្យទៅលើឧបករណ៍ភ្លេងខ្មែរប្រចាំផលិតកម្មបារមី ច្បាស់ណាស់ថាមហាជននឹងនឹកឃើញដល់ លោក វណ្ណថាន មុនគេជាក់ជាពុំខាន។ មិនត្រឹមតែមានដុងខាងផ្នែកឧបករណ៍តន្ត្រីខ្មែរប៉ុណ្ណោះទេ បើនិយាយពីស្នាដៃខាងផ្នែកចម្រៀង លោកក៏ត្រូវបានមហាជនទូទៅទទួលស្គាល់ផងដែរ ហើយបទដែលមានការគាំទ្រខ្លាំងពីមហាជននោះគឺបទ “កំលោះស្រុកខ្មែរ” ដោយមានការច្រៀងរួមគ្នាជាមួយលោក វណ្ណដា ដែលជាប្អូនប្រុសបង្កើត និងជាតារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពប្រចាំប្រទេសខ្មែរផងដែរ ។
យ៉ាងណាមិញមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីសិល្បករខាងលើនេះបានបង្ហោះសារមួយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ ដោយមានការរៀបរាប់យ៉ាងដូច្នេះថា “ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទមានដំណឹងសោកស្តាយមួយមកជម្រាបជូនថារូបខ្ញុំនឹងមិនបានចូលរួមមហោស្រពតន្ត្រីអាស៊ាន ២០២៤ (AXEAN Festival 2024) នៅកោះបាលី លើកនេះបានទេ ដោយសារពេលវេលាមិនសមស្រប ព្រោះជាប់ភារកិច្ចផ្សេងទៀតដែលមិនអាចបញ្ជាក់បាន។ ខ្ញុំសូមផ្ញើក្តីស្រលាញ់ និងការគាំទ្រទៅកាន់សិល្បករខ្មែរផ្សេងទៀតដែលនឹងបានទៅសម្តែងនៅទីនោះ ហើយជូនពរឱ្យទាំងអស់គ្នាធ្វើបានល្អ និងចំណាយពេលនៅទីនោះដោយរីករាយ ទទួលបានបទពិសោធន៍ថ្មីៗ ហើយពួកយើងមានមោទនភាពជាខ្លាំងដែលមានកូនខ្មែរជាច្រើនរូបបានទៅសម្ដែងឆ្នាំនេះ ។”
ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនរបស់លោកវណ្ណថានក៏បានបង្ហាញអារម្មណ៍សោកស្តាយផងដែរ ដែលខកខានឱកាសក្នុងការសម្តែងនៅលើកនេះ ក្នុងនោះក៏មានមហាជនមួយចំនួនទៀតដាក់ការសង្ស័យផងដែរថា ខ្លាចមានរឿងអ្វីលើសពីសំណេររបស់លោក ព្រោះកាលពីពេលថ្មីៗនេះមានសិល្បករ សិល្បការិនីប្រចាំផលិតកម្មបារមីបាននាំគ្នាដើរចេញពីផលិតកម្មមួយនេះម្តងមួយៗ ៕