កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅនេះ ថេយ៉ាំង (Taeyang) បានធ្វើការប្រគុំតន្ត្រីទោលរបស់ខ្លួនដែលមានឈ្មោះថា ‘THE LIGHT YEAR’ និងជាថ្ងៃទីពីរហើយសម្រាប់ការប្រគុំតន្ត្រីមួយនេះ។ ដោយឡែកការប្រគុំតន្ត្រីនៅថ្ងៃទីពីរនេះ គឺពិសេសជាងថ្ងៃម្សិលមិញទៅទៀត ព្រោះមានសមាជិកក្រុម BIGBANG ចំនួនពីរនាក់បានមកពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន និងអាចនិយាយបានថាជាការជួបជុំគ្នាម្តងទៀតនៅក្នុងគំរប់ខួប ៧ ឆ្នាំក៏ថាបាន ។ 

តារាកិត្តិយសពីររូប ដែលបានមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងការប្រគុំតន្ត្រី ‘THE LIGHT YEAR’ របស់ ថេយ៉ាំង (Taeyang) នេះ មានដូចជា ជីដ្រាហ្គន (G-Dragon) និងដេស៊ុង (DAESUNG) ដោយពួកគេទាំងពីរនាក់បានច្រៀងរួមគ្នាជាមួយថេយ៉ាំង (Taeyang) ចំនួន២បទ ក្នុងនោះរួមមាន ‘WE LIKE TO PARTY’ និង ‘GOOD BOY’ ចំណែកឯអ្នកគាំទ្រដែលបានទៅចូលរួមទស្សនាផ្ទាល់ ពួកគេបានធ្វើការចែករំលែកវីដេអូសម្តែងនោះនៅលើបណ្តាញសង្គម X ហើយបានធ្វើឱ្យអ្នកស្រឡាញ់គាំទ្រក្រុមចម្រៀងបុរសមួយនេះមានការរំភើបចិត្តជាខ្លាំងនៅពេលដែលឃើញពួកគេត្រលប់មកច្រៀងរួមគ្នាបែបនេះ ៕