ខេត្តកណ្តាល ៖
សមត្ថកិច្ចតាមប្រមាញ់ដោយប្រើរយៈពេលអស់ជិត៥ថ្ងៃ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ និងឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម ដែលកើតហេតុខាងលើ បានកើតឡើងនៅចំណុចបន្ទប់ជួលភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវរហូតឃាត់ខ្លួននៅកន្លែងទទួលប្រាក់វីងមួយកន្លែង ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ។
សមត្ថកិច្ច បានបង្ហាញឲ្យដឹងថាជនរងគ្រោះ មានចំនួន០២នាក់៖ទី១- ឈ្មោះពុំ ពេជ្យ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, សម្ភារៈបាត់បង់ មាន ទូរសព្ទ័០១គ្រឿងម៉ាកOPPO លេខស៊ីម 068463131។ ជនរងគ្រោះទី២ ឈ្មោះ ស៊ីង សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជនសង្ស័យឆបោកខ្ចី ប្រាក់រៀលចំនួន ១០ម៉ឺនរៀលតាមតេឡក្រាម។ ជនរងគ្រោះទាំងពីរ ស្នាក់នៅផ្ទះជួល ក្នុងភូមិកំពង់ព្រីង សង្កាត់ សិត្បូ ក្រុង តាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ឈ្មោះ ហែម បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ វិជ្ជមានសារធាតុញៀន ស្នាក់នៅភូមិសង្កាត់ជាមួយជនរងគ្រោះ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាកាលពីវេលាម៉ោង០១យប់ ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៤ មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលូកដៃតាម បង្អូចលួចទូរសព្ទ័មួយគ្រឿងម៉ាក OPPO A3 ពណ៌ខ្មៅ លេខស៊ីម 068 463 131 របស់ ជនរងគ្រោះឈ្មោះ ពុំ ពេជ្រ ។ លុះមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ក៏មានជនសង្ស័យម្នាក់ ឈ្មោះហែម បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ បានយកស៊ីមលេខ ០៦៨ ៤៦៣ ១៣១ បង្កើតតេឡេក្រាមដាក់ឈ្មោះជនរងគ្រោះទី១ ឈ្មោះ ពុំ ពេជ្រ ដើរឆាតឆបោកខ្ចីប្រាក់ជនរងគ្រោះចំនួន៩នាក់ ដោយឆាតខ្ចី ចាប់ពី៨ម៉ឺនរៀលទៅ២០ម៉ឺនរៀល ហើយចុងក្រោយ ក៏បានឆាតទៅឆបោកខ្ចីប្រាក់ជនរងគ្រោះទី២ឈ្មោះ ស៊ីន សំណាង ភេទប្រុស ចំនួន១០ម៉ឺនរៀល ទើបជនរងគ្រោះទាំងពីរនាក់ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសិត្បូ ចាំឃ្លាំមើលនៅកន្លែងទទួលប្រាក់វីង ក៏ឃើញជនសង្ស័យមកដកប្រាក់ ក៏បានចាប់ឃាត់ខ្លួន យកមកសាកសួរនិងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនិតិវិធីតែម្តង ។
តាមការសាកសួរ ជនសង្ស័យបានឆ្លើយថា៖ខ្លួនពិតជាបានបង្កើតតេឡេក្រាមដាក់ឈ្មោះជនរងគ្រោះឈ្មោះ ពុំ ពេជ្រ ដើរឆាតឆបោកប្រាក់គេចំនួន៩នាក់ប្រាកដមែន តែបានឆ្លើយបដិសេដថាខ្លួនមិនបានលួចទូរសព្ទ័របស់ជនរងគ្រោះឈ្មោះពុំពេជ្រ ឡើយ ចំណែកស៊ីម លេខ ០៦៨ ៤៦៣ ១៣១ គឺខ្លួនរើសបានតែប៉ុណ្ណោះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង តាខ្មៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕