លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ (CamEd Business School) បានលើកឡើងថា ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់ខេមអេដ (Men’s Futsal Tournament 2024) និងការបន្ថែមប្រភេទកីឡាកាន់តែច្រើនរបស់ខ្លួន គឺជាការឆ្លើយតបនឹងការគាំទ្រ និងការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សានានា ក្នុងការបញ្ចូលប្រភេទកីឡានៅក្នុងកម្មវិធីសិក្សា ។

នាយកវិទ្យស្ថានខេមអេដ លោក ខេស៊ី បាណេត ដែលជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងនោះ សង្កត់ធ្ងន់ទៀតថា នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់នោះ ក៏មានកីឡាករ កីឡាការិនី ដែលជានិស្សិតរបស់វិទ្យាស្ថានខេមអេដមួយចំនួនក៏បានចូលរួមប្រកួត ហើយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជូនជាតិផងដែរ។ ដូច្នេះនិស្សិតឧត្តមសិក្សា ជាធនធានមួយ ក្នុងនាមជាតំណាងរបស់ប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតប្រជែងមេដាយកម្រិតអន្តរជាតិផងដែរ។ ក្នុងស៊ីហ្គេម ២០២៣ កន្លងទៅនេះដែរ កីឡាករ កីឡារិនី ដែលជានិស្សិតរបស់ខេមអេដ ក៏បានឈ្នះមេដាយលើប្រភេទកីឡាការ៉ាតេ យូដូ គុនល្បុក្កតោ។ ដូច្នេះនិស្សិតខេមអេដមានសមត្ថភាព សក្តានុពល ក្នុងការប្រកួតតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ភាពជោគជ័យការប្រកួតអន្តរជាតិដែរ ។

ជុំវិញការប្រកួត CamEd Men’s Futsal Tournament 2024នេះ លោកបានកត់សម្គាល់ថា និស្សិតទាំងអស់ពិតសប្បាយណាស់ ក្នុងការចូលរួមលេងកីឡា ហើយវិទ្យាស្ថាននេះតែងតែបន្ថែមប្រភេទកីឡានានា ក្រៅពីការសិក្សាក្នុងសាលារៀន ដើម្បីបន្ថែមបទពិសោធន៍ផងដែរ ក្នុងការបណ្តុះគំនិតនៃការអប់រំឱ្យពួកគាត់មានអាកប្បកិរិយាល្អ សុខភាពល្អ ដើម្បីឱ្យពួកគេបានបំពេញកាតព្វកិច្ចក្នុងសង្គមជាតិ។ 

ការប្រកួតនេះមាននិស្សិតចូលរួមជាង ២០០នាក់ ដោយមាន១៩ក្រុមចូលរួមប្រជែងពានរង្វាន់ ខេមអេដ។ បន្ថែមពីលើនេះ ឆ្នាំ២០២៤នេះ ខេមអេដក៏បានបន្ថែមប្រភេទកីឡាមួយចំនួន ដូចជា គុនដាវ វាយសី ហែលទឹកជាដើម ដើម្បីគាំទ្រដល់ការផលិតធនធានសម្រាប់វិទ្យាស្ថានផ្ទាល់ ក៏ដូចជារួមចំណែកផលិតធនធានសម្រាប់ជាតិផងដែរ។ ក្នុងការគាំទ្រសកម្មភាពកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ខេមអេដបានបញ្ជូលកម្មវិធីកីឡា ដែលមានទាំងកីឡាសម្រាប់បុរស-នារី ដូចជាហ្វូតសាលនេះ រាល់ឆ្នាំមានទាំងបុរសផង និងនារីផង។ ក្រៅពីនេះ ខេមអេដក៏មានកម្មវិធីប្រកួតហ្វឹកហាត់ និងប្រកួតបាល់បោះ វាយកូនឃ្លីលើតុ អត្តពលកម្មជាដើម ។

គួរបញ្ជាក់ថា ការប្រកួត CamEd Men’s Futsal Tournament 2024 បានបញ្ចប់ដោយជោគជ័យ ដោយរកឃើញជ័យលាភី ក្រុមជើងឯក ក្រុម Brotherhood បន្ទាប់ពីបានយកឈ្នះក្រុម Centurion នៅវគ្គប៉េណាល់ទីកាត់សេចក្តី ក្រោយរក្សាបានលទ្ធផលការប្រកួតពេញម៉ោង ១ទល់១។ ដូច្នេះក្រុងជើងឯករង បានទៅលើក្រុម Centurion ខណ:ក្រុមលេខ៣ ក្រុម Royal D ក្រោយឈ្នះក្រុម Toolbox ។ ចំពោះជ័យលាភីឯកត្តជន ស្រោមដៃមាស បានទៅលើកីឡាករ Rath Chandara រីឯកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ គឺកីឡាករ Vuth Lyheng ខណ:ក្រុម Fair Play បានទៅលើ Toolbox Team ៕