រាជធានីភ្នំពេញ ៖
បុរសជាបុគ្គលិកធនាគារម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ ភ្លាមៗ បន្ទាប់ពីចេញពីកម្មវិធីជួបជុំមិត្តភក្កិ ស្រវឹងស្រឿងៗ រួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញ យ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យដួលអូសទៅមុខជាច្រើន ម៉ែត្រ ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សេនជ័យ ។
សពជនរងគ្រោះមានឈ្មោះ ឆនផារ៉ូ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកបម្រើការងារក្នុងធនាគារមួយកន្លែង មានស្រុកកំណើតរស់នៅភូមិប្រាសាទ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរង គ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 1G-4838 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច យ៉ាង លឿន ខណ:មកដល់ចំណុចកើតហេតុ អកុសល ក៏ជ្រុលទៅបុកខឿនផ្លូវ បណ្ដាលឲ្យ ដួលបោកក្បាលស្លាប់នៅហ្នឹងកន្លែងភ្លាមៗ ។ ក្រោយមក ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកផងដែរ ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះរក្សាទុកជាបណ្ដោះអាសន្ននិងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕