ខេត្តកំពង់ស្ពឺ ៖ 

រថយន្តកែច្នៃចំនួនមួយគ្រឿងដែលគេស្គាល់ច្បាស់ថា ជារបស់មេឈ្មួញល្បីមានឈ្មោះ«ហ្វីលីប» ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោងទង ធ្វើការបង្ក្រាបបាន ខណៈដែលមេឈ្មួញឈ្មោះហ្វីលីប បានឱ្យកូនចៅដឹកឈើអារជ្រុង(ឈើឃ្លុំ) ប្រមាណជាង៦ម៉ែត្រគូប រួមនិងម៉ូតូ ចំនួនមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៤ ។ 

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រុមមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សំរោងទងបង្ក្រាបរថយន្តដឹកឈើ បាននិយាយឲ្យដឹងថា÷រថយន្តមួយគ្រឿងដែលត្រូវបានមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង បង្ក្រាបនោះ ម៉ាកTOPIC ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ 2K.0021ជាប្រភេទរថយន្តកែច្នៃដឹកឈើដោយម្ចាស់ឈ្មោះហ្វីលីប ជាមេឈ្មួញល្បីឈ្មោះម្នាក់ប្រចាំតំបន់ស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ។ ក្រោយការបង្ក្រាបរថយន្ត០១គ្រឿងកែច្នៃដឹកឈើមានចំនួន១០ដុំ  ជំនាញរដ្ឋបាលព្រៃឈើសង្កាត់សំរោង ធ្វើការវាស់វែង ស្មើនិង៦,៧៣៧(៦ក្បៀស៧រយ៣៧) ម៉ែត្រគូបឈើអារជ្រុង ប្រភេទលេខ១ និងលេខ២ និងប្រភេទក្រៅលំដាប់ថ្នាក់ ។ 

ជំនាញ បានពិនិត្យជាក់ស្តែងឃើញថា ឈើនេះបានដឹកចេញពីខេត្ត កោះកុង ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាប្រភេទឈើ ស្ថិតក្រៅលំដាប់ថ្នាក់ ដូចចំនួនខាងលើ ជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ បន្ទាប់មក បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីស្តីពីច្បាប់រដ្ឋបាលព្រៃឈើ ៕