ទើបតែប្រកាសដំណឹងរីករាយពីការទទួលបានសមាជិកទីពីររំលងមិនបានប៉ុន្មានសប្តាហ៍ផងស្រាប់តែមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតបន្ទាប់ពីតារាចម្រៀងស្រីច្រៀងបានគ្រប់ទម្រង់ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា ចេញមកប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថាមានអ្នកមករកដល់ក្នុងសុបិនរហូតដល់ទៅបីដង ព្រោះចង់បានសម្លេងរបស់អ្នកនាង ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាង សួស វីហ្សា ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា អ្នកដែលចង់បានសំឡេងរបស់អ្នកនាងមិនមែនជាពពួកអមនុស្សនោះទេ ព្រោះអ្នកនាងមានញាណពិសេសដែលពួកអមនុស្សចូលក្បែរមិនបាន។ ជាមួយគ្នានេះ អ្នកនាង សួស វីហ្សា ក៏បានចោទជាសំណួរទាំងចម្ងល់ថា “ចង់បានសម្លេងខ្ញុំធ្វើអ្វី? ពិសេសកន្លែងណា?”។ យ៉ាងមិញរឿងដែលបានកើតឡើងទាក់ទងនឹងអបិយជំនឿខាងលើនេះ មានមហាជនជាច្រើនបានលើកឡើងនឹងរឿងស្រដៀងគ្នាដូច អ្នកនាង សួស វីហ្សា ដែរ ថែមទាំងជឿថាពិតមានអ្នកលេងផ្លូវងងឹតពិតមែន ចំណែកឯអ្នកខ្លះទៀតក៏បានមញ្ចេញមតិលើកទឹកចិត្ត និងជូនពរឱ្យឆាប់ជាសះស្បើយពីបញ្ហាបំពង់កនេះផងដែរ ។
គួររំលឹកថា កាលពីឆ្នាំ២០២២ អ្នកនាង សួស វីហ្សា ធ្លាប់កើតមានបញ្ហាបំពង់កម្តងរួចមកហើយ រហូតមានការផ្អាកការច្រៀង និងឡើងសម្តែងការប្រគុំតន្ត្រីអស់ជាច្រើនខែ គឺត្រូវធ្វើតាមវេជ្ជបញ្ជារបស់ពេទ្យដោយតម្រូវឱ្យផ្អាកសកម្មភាពផ្សេងៗទាក់ទងនឹងការប្រើប្រាស់សម្លេងមួយជាធំ ដើម្បីធ្វើការព្យាបាលជំងឺមួយនេះ ៕