ខេត្តកោះកុង ៖
នៅវេលាម៉ោង៤:០០នាទីទៀបភ្លឺនាថ្ងៃពុធទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះជួយសង្គ្រោះភ្លាមៗ ដល់ស្ត្រីម្នាក់ឈ្មោះ នឿន ស្រីនី អាយុ២៧ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ន នៅភូមិកោះស្រឡៅ (នៅលើកោះ) ឃុំ កោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថា ស្ត្រីខាងលើ បានសម្រាលកូននៅលើទូកលើផ្ទៃសមុទ្រ ក្នុងកំឡុងពេលកំពុងធ្វើដំណើរតាមទូក ពេលកំពុងមានព្យុះ និងភ្លៀងរលឹមស្រិចៗដើម្បីមកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលសេវាសម្រាលកូន ដោយសារឈឺពោះត្រៀមសម្រាល ។
យោងតាមប្រភពពីក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់ថាការចុះជួយសង្គ្រោះនេះ គឺក្រុមគ្រូពេទ្យ ទទួលសង្គ្រោះយកមកមន្ទីរពេទ្យបង្អែកខេត្តកោះកុងដើម្បីទទួលសេវាសម្រាលកូន ដោយសារស្ត្រីជាម្តាយឈឺពោះត្រៀមសម្រាល ហើយថែមទាំងបានជួយសង្គ្រោះស្ត្រីខាងលើដោយសុវត្ថិភាពទាំងម្តាយ និងកូន ដែលជាកូនទី៣ ភេទស្រី ទម្ងន់ ៣,២ គ.ក និងបានបញ្ជូនតាមរថយន្តសង្គ្រោះ មកបន្តការថែទាំព្យាបាលនៅផ្នែកសម្ភព និងរោគស្ត្រី នៅមន្ទីពេទ្យបង្អែកខេត្តកោះកុង ដោយជោគជ័យ និងមានសុវត្ថិភាព ៕