ខេត្តកំពង់ឆ្នាំង ៖ 

មនុស្ស៣នាក់ បានស្លាប់ ក្នុងនោះ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យដែលជាភាគីជិះម៉ូតូ  ខណៈរថយន្ត៤គ្រឿង រួមទាំងម៉ូតូ១គ្រឿងទៀត បុកបន្តកន្ទុយគ្នា ។  គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនម៉ោងប្រមាណ៤និង៤០នាទីល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូលេខ ១២០និង១២១ ស្ថិតក្នុងភូមិ  អូរំចេក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី កេតយ៉ុង ស្នងការរង នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះថាក្នុង គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿង ម៉ាក Toyota corolla ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២O-២៧៨២ និងមានអ្នករួមដំណើរ០៦នាក់ បានចតរថយន្តនៅជាយផ្លូវខាងស្ដាំ ហើយ អ្នករួមដំណើរលើរថយន្ត បានចុះហៅរថយន្ត០១គ្រឿងទៀត ដើម្បីជិះបន្តដំណើរទៅភ្នំពេញ ។

ពេលនោះក៏មានរថយន្តដឹកអ្នកដំណើរ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2041 បើកបរពីទិសខាងកើតទៅទិសខាងលិច បានបន្ថយល្បឿនប្រុងឈប់ ស្រាប់តែមានរថយន្តក្រុង១គ្រឿងម៉ាក Hyundai ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ ៣F-៤១៦៦ ក្នុងដំណើរស្របទិសគ្នា បានបុកម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ផ្លាកលេខ ពោធិសាត់ ១B-7448 និងមានអ្នករួមដំណើរ០២នាក់ ។ 

បន្ទាប់មក រថយន្តក្រុង បានរេចង្កូតទៅបុកពីក្រោយរថយន្តម៉ាកTOYATA COROLLA ដែលចតនៅជាយផ្លូវ រួចក៏រេចង្កូតបុកកៀររថយន្ត០១គ្រឿងទៀត ម៉ាក FORD RANGER XLT ផលិតឆ្នាំ២០២៣ ពណ៌ស ពាក់ផ្លាកលេខកម្ពុជា TLY.9161 រួចរថយន្តក្រុង បន្តទៅបុករបាំងសួនច្បារពុះចែកទ្រូងផ្លូវ បន្ថែមទៀត ។ 

ក្រោយកើតហេតុ អ្នកបើករថយន្តក្រុង បានចុះគេចខ្លួនបាត់  រីឯរថយន្តសាំយ៉ុង បានបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចតាមចាប់បានមកវិញ រួមទាំងអ្នកបើកបរ ។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក បរិបូណ៍ រង់ចាំការដោះស្រាយបន្ត ៕