ខេត្តកំពង់ឆ្នាំង ៖
មានករណីមនុស្សប្រុសស្រី២នាក់ដេកស្លាប់ក្នុងផ្ទះ បង្កការភ្ញាក់ផ្អើល បន្ទាប់ពីប្រជាពលរដ្ឋក្បែរខាង ធំក្លិនស្អុយ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ចុះមកធ្វើការពិនិត្យ ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ផ្ទះជនរងគ្រោះ រស់នៅមិនចុះសម្រុងជាមួយញាតិមិត្តក្នុងភូមិឡើយ គ្រាន់តែគេចតម៉ូតូ កង់ មុខផ្ទះក្រៅរបង ក៏ពុំបាន ។
ក្នុងចំណោមសពទាំង២នាក់នោះ មានម្នាក់មានសតិមិនប្រក្រតី ពេលចេញក្រៅម្តងៗ តែងតែធ្វើសកម្មភាពយកដុំថ្មដេញគប់គេឯង ទើបក្រុមគ្រួសារសម្រេចចិត្តធ្វើទ្រុងដាក់ឃុំទុកក្នុងផ្ទះ និងឲ្យលោកយាយម្នាក់ នៅមើលថែឲ្យបាយទឹក ហើយ ទំនងស្ត្រីដែលមើលនោះ មានជម្ងឺហើយបានស្លាប់មុន ទើបបុរសដែលមានសតិមិនគ្រប់នោះស្លាប់តាមក្រោយ ព្រោះគ្មានអ្នកឲ្យបាយទឹក ។ សពទាំង២នាក់នោះ មានឈ្មោះ៖ ទី១/ម៉ូវ យ៉ឺន ភេទស្រីអាយុ៧២ឆ្នាំ និង ទី២ឈ្មោះ ម៉ូវ សូលីនបញ្ញារិទ្ធ ភេទប្រុសអាយុ៤២ឆ្នាំ(សតិមិនគ្រប់) រស់ភូមិ សង្កាត់ កើតហេតុខាងលើ ។
ក្រោយកើតហេតុ ក្រុមការងារត្រួតពិនិត្យនិងកោសល្យវិច័យចម្រុះ បានចុះទៅពិនិត្យសាកសពទាំង២ ហើយ បានប្រគល់សព ជូនសាច់ញាតិដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕