រាជធានីភ្នំពេញ ៖ 

បុរសជាងកាត់សក់ម្នាក់ដេកភ្លឺហើយ, អត់ឃើញក្រោក បើកតូបកាត់សក់ឲ្យគេទៀត ដោយមានការសង្ស័យម្ចាស់ផ្ទះជួលបានគាស់ទ្វារក្រោយមើល ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ  ដោយពុំមាននរណាបានដឹងពីមូលហេតុនោះទេ ប៉ុន្តែទាំងសមត្ថកិច្ចនិងអ្នកជិតខាងបានសង្ស័យថា បុរសនេះស្លាប់ដោយខ្យល់គ ព្រោះមុនពេលស្លាប់បានឮគាត់ត្អូញថា អត់ស្រួលខ្លួនច្រើនថ្ងៃមកហើយ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងតូបកាត់សក់ ស្ថិតនៅតាមផ្លូវរោងចក្រសាន់ស្កាយ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើនោះឈ្មោះសំណាង អាយុ៤២ឆ្នាំ មុខរបរជាងកាត់សក់ គាត់ត្រូវបានគេដឹងថា ជាបុរសពោះម៉ាយ ប៉ុន្តែអត់ដឹងថាមានកូនឬមិនមាននោះឡើយ ហើយគាត់បានមកស្នាក់នៅរកសុីកាត់សក់នោះតែម្នាក់ឯងប៉ុណ្ណោះ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសនោះបានខកខានមិនបានកាត់សក់ឲ្យគេរយៈពេល៤ទៅ៥ថ្ងៃមកហើយ ដោយប្រាប់អ្នកជិតខាងថាគាត់អត់ស្រួលខ្លួន ហើយនៅវេលាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គាត់បានផឹកសុីជុំគ្នាជាមួយមិត្តភក្ដិ១ក្រុម ។ រហូតដល់យប់ជ្រៅទើបឈប់បែកគ្នា ហើយមិត្តភក្ដិបានចេញទៅផ្ទះរៀងៗខ្លួន ចំណែកគាត់ដេកនៅក្នុងតូបកាត់សក់ម្នាក់ឯង ហើយនៅវេលាជិតភ្លឺ គេបានឮសូរស្រែកឲ្យគេជួយដែរ ប៉ុន្តែគេអត់ចាប់អារម្មណ៍ ។

ប្រភពដដែល បានឲ្យដឹងបន្តទៀតថា លុះព្រឹកថ្ងៃទី២០ ខែកញ្ញា ដោយសារតែអត់ឃើញគាត់ក្រោកកាត់សក់ឲ្យគេដូចរាល់ដង ម្ចាស់ផ្ទះជួលក៏បានស្រែកហៅ ប៉ុន្តែអត់ឮឆ្លើយក៏បានទៅគាស់ទ្វារក្រោយមើល ស្រាប់តែឃើញដេកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ទាំងព្រឹក និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅមើល ដើម្បីរាយការណ៍ជូននគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើកោសល្យវិច័យ ៕