រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ក្រោយពេលជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿន ធ្លាក់ជង្ហុកនៅតាមផ្លូវ បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ បន្ទាប់មក ត្រូវបានក្រុមសង្រ្គោះនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ហើយម៉ូតូរបស់គាត់បានរងការខូចខាតយ៉ាងដំណំនិងត្រូវបាននគរបាលនាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី0២ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះរបួសធ្ងន់នោះឈ្មោះ គង់ សំអឿន អាយុ ៣៨ ឆ្នាំ មាន ទីលំនៅភូមិអណ្ដូងច្រុះ ឃុំត្រាចទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរូបនោះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DO-7758 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានរេចង្កូតធ្លាក់ជង្ហុក បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់រងរបួសធ្ងន់ធ្ងរតែម្ដង ហើយម៉ូតូក៏បានរងការខូចខាតយ៉ាងដំណំ ។
ប្រភពដដែល បានឲ្យដឹងថា ជង្ហុកនោះកើតឡើងដោយសារតែការកាត់ផ្លូវដាក់ទុយោទឹកស្អាត ហើយមិនបានចាក់បេតុងឡើងវិញ ទើបពេលរថយន្តធុនធំបើកឆ្លងកាត់ផុងកង់ក្លាយជាជង្ហុកបង្កគ្រោះថ្នាក់បែបនេះ ។ ក្រោយពេលកើតហេតុ ក្រុមសង្រ្គោះនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព បានទៅដឹកយកបុរសរងគ្រោះខាងលើ ទៅសង្រ្គោះបន្ទាន់ភ្លាមៗ ៕