ភ្នំពេញ ៖

បុរសជាអ្នកបើកបររថយន្តស្ទូចម្នាក់ បានរងរបួសធ្ងន់ធ្ងរ ខណៈបញ្ជាដងសន្ទូចធ្វើការស្ទួចដែកកញ្ច្រែងឡើងលើរថយន្ត ដើម្បីដឹកចេញពីសិប្បកម្ម ប៉ុន្តែស្ទូចច្រើនលើសទម្ងន់ បណ្ដាលឲ្យបាក់គល់ដងសន្ទួចគ្រវាត់គាត់ធ្លាក់បោកផ្ទប់ដែកនៅខាងក្រោម បន្ទាប់មក ត្រូវបានខាងសិប្បកម្មដឹកចេញមកក្រៅ រួចហៅ ក្រុមសង្គ្រោះអង្គភាព៧១១ មកបន្តដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ  ។ 

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសិប្បកម្មផលិតដែកកញ្ច្រែង មួយកន្លែងក្នុងភូមិ អង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។

ជនរងគ្រោះ មានឈ្មោះ ឌិន ដូ ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសបាក់ឆ្អឹងជំនីខាងស្ដាំ និងបាក់ដៃខាងឆ្វេង មានទីលំនៅរស់នៅ ភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរបើករថយន្តស្ទួច ។

សមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុ ខាងសិប្បកម្មបានឲ្យជនរងគ្រោះ បើករថយន្ត ស្ទូចកញ្ច្រែង ដើម្បីយកទៅឲ្យអតិថិជន ហើយខណៈនោះ ដោយសារតែស្ទូចដែកច្រើនផ្ទាំង ធ្ងន់លើសទម្ងន់ ទើបធ្វើឲ្យបាក់គល់ដងសន្ទូច គ្រវាត់ជនរងគ្រោះធ្លាក់បោកផ្ទប់និងដែកនៅខាងក្រោម បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបែបនេះតែម្តង ៕