បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារជាមួយថ្នាក់ដឹកនាំអង្គភាព និងភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ កីឡាករ-កីឡាការិនីជាង ៣,៤០០នាក់ បានចុះឈ្មោះចូលរួមការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា នៅសល់ជាង ១ខែទៀតប៉ុណ្ណោះ ការប្រកួតនឹងចាប់ផ្ដើមជាផ្លូវការ ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ដូច្នេះរាល់ការគ្រប់ក្រង ដឹកនាំ និងរៀបចំផ្សេងៗ ត្រូវធានាបានឲ្យបានរួចរាល់ ទាំងផ្នែកបច្ចេកទេស ទីលាន ក៏ដូចជាការដឹកជញ្ជូន និងស្នាក់នៅ ហូបចុក ជាដើម ។
ក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងស្នាក់នៅ ហូបចុក ត្រូវក្ដោបព័ត៌មាន និងវិធានាការឲ្យបានច្បាស់លាស់ ដ្បិតការចំនួនកីឡាករ-កីឡាការិនី ក៏ដូចជាប្រតិភូ គ្រូបង្វឹក បានកំណត់រួចហើយ ដោយមានចំនួនដ៏ច្រើនរហូតដល់ជាង ៤,៥០០នាក់ ពិសេសកីឡាករ-កីឡាការិនី ដែលមានការចូលរួមដ៏ច្រើនរហូតដល់ជាង ៣,៤០០នាក់ ។ ឯកឧត្តមបន្ដថា នេះគឺជាការងារសំខាន់ ដែលថ្នាក់ដឹកនាំផ្នែកដឹកនាំ និងស្នាក់នៅហូបចុកត្រូវយកចិត្តទុកដាក់ ។
ដោយឡែកពាក់ព័ន្ធនឹងការបច្ចេកទេស និងទីលានប្រកួត ក៏ដូច្នោះដែរ ដែលគណៈកម្មការជំនាញ ត្រូវធ្វើការងារជាមួយសហព័ន្ធកីឡាជាតិ និងភាគីទីលាន ត្រូវគោរពឲ្យបាននូវយុទ្ធការគ្រប់គ្រាន់ សូម្បីទឹកភ្លើង និងបន្ទប់បម្រើការងារផ្សេងៗ ។ ឯកឧត្តមសង្កត់ធ្ងន់ថា ទោះបីការប្រកួតនេះ ធ្វើកម្រិតជាតិ តែត្រូវធ្វើឲ្យមានលំនាំ និងស្ដង់ដារមួយ ស្រដៀងនឹងការប្រកួតលក្ខណៈអន្ដរជាតិដែរ ។
គួរដឹងថា ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងប្រារព្ធពិធីបើកផ្លូវការ នាថ្ងៃទី៣០ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ខណៈពិធីបិទនឹងប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ៕