ឧបករណ៍បច្ចេកវិទ្យា និងឧបករណ៍ច្នៃប្រឌិតទំនើបៗជាច្រើន ត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពណ៌គ្រឿងអេឡិកត្រូនិកឆ្នាំ 2024 ក្នុងទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម្មង់ ដែលក្នុងនោះ រួមមានទាំងរថយន្តហោះ ដំណើរការដោយថាមពលអគ្គិសនី។ រថយន្តហោះអគ្គិសនី ដែលដាក់បង្ហាញដោយក្រុមហ៊ុន អាឡេហ្វ អ៊ែ រូ ណ ធិក (Alef Aeronautics) ជាក្រុមហ៊ុនផលិតរថយន្តហោះ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍នេះ ។
រថយន្តនេះ រចនាឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយការប្រើប្រាស់ឧស្ម័នប្រេង ដើម្បីការពារបរិស្ថាន។ លោក ឌុក ហូនី (Dukhovny) នាយកប្រតិបត្តិក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្ត ក្រុមហ៊ុន ទទួលបានការបញ្ជាទិញរថយន្តហោះអគ្គិសនីនេះ ប្រមាណ 3000 គ្រឿង ហើយគ្រោងនឹងចាប់ផ្តើមផលិតនៅឆ្នាំ 2025 ខាងមុខ ក្នុងតម្លៃដាក់លក់ដំបូង ប្រមាណ 300.000 ដុល្លារអាមេរិក ខណៈនៅពេលដែលសន្ទុះផលិតកម្មកើនឡើង តម្លៃរថយន្តអគ្គិសនីហោះនេះ ត្រូវបានរំពឹងថានឹងធ្លាក់ចុះមកត្រឹមតែប្រមាណ 35.000 ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ។