ការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition) របស់សហព័ន្ធខ្មែរកីឡាហែលទឹកនៅ អាងហែលទឹកនៃពហុកឡដ្ឋានជាតិ រាជធានីភ្នំពេញ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ជនជាតិខ្មែរ និងជនជាតិបរទេសលើសពីការរំពឹងទុក បន្ទាប់ពីមានអ្នកចូលរួមប្រកួតច្រើននាក់ ។

លោក ហែល គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាហែលទឹកវ័យចាស់លើក់ទី១ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកមានគោលបំណងជាច្រើន គឺចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយការប្រកួតមិនសំដៅទៅលើការឈ្នះចាញ់ទេ ផ្តោតទៅលើការចូលរួមដើម្បីបង្កើតមិត្តភាពនិងសុខភាពជាមួយគ្នាទៅវិញទៅមក ។ 

ជាពិសេសកីឡាករ-កីឡាការិនី និងបងៗដែលស្រលាញ់កីឡាហែលទឹក គាត់តែងតែងហ្វឹកហាត់ដើម្បីសុខភាពក្តី និងសប្បាយចិត្ត ទើបសហព័ន្ធសម្រេចចិត្តរៀបចំឲ្យគាត់ចូលរួមប្រកួតបង្ហាញសមត្ថភាពផ្ទាល់ទៀតផង ព្រមទំាងហ្វឹកហាត់បន្ថែមទៀតដើម្បីការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition) នាខែធ្នូខាងមុខនេះ ។

លោកអគ្គលេខាធិការបានបន្តថា ចំណុចសំខាន់ចង់បាន គឺជាប្រមូលធនធានមហាជន និងអត្តពលិមចូលនិវត្តន៍ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីវ័យចាស់ចូលរួមការប្រកួតកីឡាហែលទឹកវ័យចាស់កម្រិតអន្តរជាតិ ដោយសារសហព័ន្ធហែលទឹកអន្តរជាតិបានរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់ជើងឯកពិភពលោកជារៀងរាល់ឆ្នាំ ៕