ស្វាយរៀង ៖ 

មន្ត្រីជំនាញចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការពង្រឹងវិធានការចត្តាឡីស័ក ទប់ស្កាត់ និងឆ្លើយតបទៅនិងការឆ្លងរាលដាលជំងឺនៅតាមច្រកចេញចូលប្រទេស ដើម្បីការពារសុខភាពជូនប្រជាជនកម្ពុជា ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក អ៊ឹម បុត្រ ប្រធានចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឲ្យដឹងថា៖ការពង្រឹងវិធានការចត្តាឡីស័ក នាពេលនេះ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺអឹមផក់(Mpox)រឺជំងឺអ៊ុតស្វា ដែលអង្គការសុខភាពពិភពលោក បានប្រកាសជាគ្រោះអាសន្នដល់សុខភាពសាធារណៈគួរឱ្យព្រួយបារម្ភជាអន្តរជាតិ ហើយ ជាមួយគ្នានេះ ក៏មានការរីករាលដាលជំងឺផ្តាសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាងយើងផងដែរ ។

លោក អ៊ឹម បុត្រ បានបញ្ជាក់ថា៖បច្ចុប្បន្ននេះ ពុំមានសញ្ញាវិជ្ជមានណាមួយកើតមាននៅឡើយទេ គ្រាក្រុមការងារគ្រូពេទ្យជំនាញចត្តាឡីស័ក ប្រចាំច្រកព្រំដែនអន្តរជាតិបាវិត បានបំពេញភារកិច្ច ត្រួតពិនិត្យរាល់ម៉ោងធ្វើការ យ៉ាងតឹងរឹងនិងបានដាក់ម៉ាស៊ីនស្កែនវាស់កម្តៅ រាល់ភ្ញៀវជាតិនិងអន្តរជាតិ ចេញចូលតាមច្រកទ្វារអន្តរជាតិបាវិត នេះ ។

យោងតាមរបាយការណ៍ពីតាមប្រព័ន្ធតាមដាននិងត្រួតពិនិត្យជំងឺ របស់នាយកដ្ឋាន ប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានជំងឺផ្តាសាយបក្សី(H5N1)ចំនួន៧២ករណី ក្នុងនោះស្លាប់៤៣ករណី និងជំងឺអឹមផក់ (Mpox) ចំនួន ២០ករណី គ្មានករណីស្លាប់នោះទេ ។ ទន្ទឹមនេះ លោក ក៏បានអប់រំផ្សព្វផ្សាយ ពីវិធីបង្កានិងទប់ស្កាត់ការឆ្លងរាលដាលជំងឺ អឹមផក់ ដល់ពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕