ខេត្តកណ្ដាល ៖
ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤នៅលើ កំណាត់ផ្លូវបេតុង ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន ០១នាក់ ឈ្មោះ CHEN WENKE ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងរថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ2BW-0136 បើកបរដោយឈ្មោះ CHEN WENKE(ឆឹន វឹនឃឺ) ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបររថយន្តមានទិសដៅពីជើងទៅត្បូង។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបើកបត់ឆ្វេងត្រលប់ក្រោយ បុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IB-7010 បើកបរដោយឈ្មោះ ជា ឆក ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្ដាល (មិនពាក់មួកសុវត្ថិភាព) បើកបរម៉ូតូមានទិសដៅពីជើងទៅត្បូង ស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរ ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសមៈ ។
ចំពោះមធ្យោបាយខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕