ខេត្តសៀមរាប ៖

នៅដើមខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវទួលបុរាណនៅភាគអាគ្នេយ៍ក្នុងកំពែងនៃប្រាសាទបន្ទាយក្ដី ដើម្បីឈ្វេងយល់អំពីទំនាក់ទំនងរវាងកំពែង និងទួល ព្រមទាំងរចនាសម្ពន្ធរបស់ទួល។ លើសពីនេះទៀត គឺចង់ដឹងអំពីការរស់នៅរបស់មនុស្សនាសម័យនោះ ពោល គឺចាប់ពីពេលមុនសាងសង់ប្រាសាទ រហូតដល់សម័យកណ្ដាល ។

លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានលើកឡើងថាការជ្រើសរើសយកទីតាំងនៅអាគ្នេយ៍នៃប្រាសាទ បន្ទាយក្តី សម្រាប់កិច្ចការស្រាវជ្រាវ ដោយហេតុថានៅទីតាំងនេះ មើលតាមរូបថត lidar(លីដារ) ឃើញមានទួលជាច្រើន ដូចជា នៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មជាដើម ។ 

ដូច្នេះហើយ នៅក្នុងកំណាយស្រាវជ្រាវ ពោលគឺសិក្សាអំពីលំនៅឋាននិងការតាំងទីរស់នៅ របស់មនុស្សនាសម័យមុន។ ចំណែកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក វិទូ ភារម្យ បានឲ្យដឹងថា កំណាយនេះ បានបើកចំនួនបីរណ្តៅ ក្នុងជម្រៅ២ម៉ែត្រគុណ២ម៉ែត្រ មាន២រណ្តៅ និង២ម៉ែត្រគុណ១.៥០ (១ម៉ែត្រកន្លះ) ម៉ែត្រ ១រណ្តៅ ដោយរណ្តៅនីមួយៗ បែងចែកជា៤ស្រទាប់សំខាន់ៗ ។ 

តាមការសន្និដ្ឋានរបស់លោក  ការសាងសង់ទួលនៅក្នុងកំពែង មាន៣ដំណាក់កាលធំៗ គឺដំណាក់ទី១ អាចមានពលករមករៀបចំស្នាក់នៅ ដើម្បីត្រៀមរៀបចំការសាងសង់ប្រាសាទនៅលើទួលដែលមានស្រាប់។ ដំណាក់កាលទី២ ពេលកំពុងសាងសង់ប្រាសាទ គឺមនុស្សបន្តរៀបចំទួលនេះ ដោយចាក់ដីបន្ថែម និងយកកម្ទេចនិងបំណែកថ្មភក់ រៀបចំជាគ្រឹះនៅជាប់ជើងទួល។ ដំណាក់កាលទី៣ ក្រោយពេលសាងសង់ប្រាសាទរួចរាល់ អាចមានមនុស្សមករស់នៅថែរក្សាប្រាសាទ មានព្រាហ្មណ៍ មានខ្ញុំប្រាសាទជាដើម បន្តរស់នៅគឺនៅស្រទាប់ទី៣នេះ ។ ក្រៅពីនេះ នៅស្រទាប់ទី៣ ក៏បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ និងចិននៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣មួយចំនួន ៕