ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មកាចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតីបានបំផុសស្មារតីឱ្យកូនខ្មែរគ្រប់ៗរូបទូទាំងប្រទេស និងកូនខ្មែរនៅក្រៅប្រទេសសូមចូលរួមលើកតម្កើងគុណតម្លៃយុទ្ធគុនចម្រុះខ្មែរបុរាណជាព្រលឹងវប្បធម៌ អរិយធម៌ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីបុរាណកាល មកដល់បច្ចុប្បន្ន ។ 

នេះជាការបំផុសស្មារតីជាតិនិយមនៃវិស័យយុទ្ធគុនចម្រុះខ្មែរដល់កូនខ្មែររបស់ឯកឧត្តម តាមរយៈជំនួបសំណេះសំណាលលើកបង្ហាញពីជីវប្រវត្តិនៃយុទ្ធគុនខ្មែរជាមួយប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដោយប្រើឥទ្ធិពលនៃវិជ្ជាជីវៈរបស់ខ្លួនបំផ្ទុះបញ្ជ្រាបការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជំនួបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៃដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរ បុរាណពានរង្វាន់សម្តេចធិបតី លើកទី១ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក ។

ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងអ្នកផ្សព្វផ្សាយតាមផេកទំនាក់ទំនងសង្គម ជាអ្នករួមចំណែកដ៏សំខាន់ ក្នុងការគាស់កកាយអ្នកយុទ្ធគុនខ្មែរមកពីគ្រប់ទិសទីទាំងអស់ឱ្យមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំជាលើកដំបូងនេះ។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចសង្កត់ធ្ងន់ថា ដោយមានការជំរុញគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ឱ្យកក្រើកឡើងវិញនូវយុទ្ធគុនរបស់ខ្មែរយើង។ យើងបានរៀបចំផែនការទូលំទូលាយមួយប្រកបដោយលក្ខណៈពិសេស ក្នុងការឈ្វេងយល់អំពីការបំផុសចលនាយុទ្ធគុនខ្មែរនិយម មានន័យថា អ្នកណាដែលស្រឡាញ់ព្រលឹងជាតិត្រូវបំផុសឱ្យគាត់បានចូលរួម តាមរយៈការចូលចិត្តពិនិត្យតាមដាន ការអាន ឬចូលចិត្តប្រវត្តិនៃគុនខ្មែរ ដោយពង្រីកឥទ្ធិពលនៃការផ្សព្វផ្សាយឱ្យទៅពួកគាត់បានដឹងបានឮ ។

ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ថា យុទ្ធគុន ឬអ្នកខ្លះហៅថា យុទ្ធសិល្បិ៍ ដែលមានន័យថា សិល្បៈនៃការប្រយុទ្ធ ដែលមានន័យដូចគ្នា ប៉ុន្តែពាក្យខ្មែរដែលប្រើឱ្យចំតែម្តង គឺ«យុទ្ធគុន»។ យុទ្ធគុនខ្មែរបុរាណនីមួយៗ តែងតែមានលក្ខណៈពិសសេស។ ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរម្លឹកអំពីជីវប្រវត្តិនៃយុទ្ធគុនខ្មែរ ហើយឱ្យកូនខ្មែរទាំងអស់គ្នាត្រូវតែមានមោទនភាពថា យើងពិតជាមានដូនតាខ្មែរយើងចេះយុទ្ធគុនរបស់ខ្លួនខ្លាំងពូកែប្រាកដមែន។ បន្ថែមពីលើនេះ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានលើកបង្ហាញពីជីវប្រវត្តិ ព្រលឹងយុទ្ធគុនចម្រុះខ្មែរបុរាណទាំងអស់ ដែលបុព្វបុរស ព្រមទាំងអតីតព្រះមហាក្សត្រគ្រប់ៗជំនាន់បានថែរក្សាទឹកដីតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន តាមរយៈការចេះយុទ្ធគុន យុទ្ធសិល្បិ៍ យុទ្ធមន្តគ្រប់ទម្រង់ ក្នុងការប្រយុទ្ធប្រឆាំង ដើម្បីការពារទឹកដីពិតប្រាកដ។ បន្ថែមពីលើនេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ក៏បានបំផុសឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយបំផ្ទុះផ្សព្វផ្សាយឱ្យបានខ្លាំងក្លា ដើម្បីជួយបញ្រាបការផ្សព្វផ្សាយការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ឱ្យកាន់ជ្រួតជ្រាបដល់មហាជន ដើម្បីដាស់ស្មារតីកូនខ្មែរបានស្គាល់ បានដឹងនូវគុណូបការៈដ៏ធំធេងរបស់ព្រលឹងដូនតាខ្មែរ ក្នុងន័យអភិរក្ស និងអភិវឌ្ឍយុទ្ធគុនចម្រុះបុរាណខ្មែរឱ្យបានគង់វង្សយូរអង្វែង ៕