ខេត្តកណ្តាល ៖
ក្រោយដឹងខ្លួនថាមានជម្ងឺដ៏រាំរ៉ៃមិនអាចព្យាបាលជា បុរសម្នាក់ សុខចិត្តចាកចេញពីកូននិងភរិយា ចុងក្រោយ ក៏លាចាកបាត់បង់ជីវិតនៅលើរទេះរុញ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ដ៏សោកសៅនេះ កើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រោមសំយ៉ាប មន្ទីរការងារមួយកន្លែង ក្បែរផ្លូវមាត់ស្ទឹងតាខ្មៅ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកពូ អ៊ី ផល្លី អាយុ៥៣ឆ្នាំ និងអ្នកមីង យុ ភឹន អាយុ៥១ឆ្នាំ ជាឪពុកនិងម្តាយក្មេក ជនរងគ្រោះ មានទីលំនៅភូមិព្រែកតាពៅ១ បានប្រាប់ឲ្យដឹងថាកូនប្រសារប្រុសរបស់គាត់ មានឈ្មោះ ប្រាក់ ចាន់សុភគ្រ័ អាយុ៣៧ឆ្នាំ មានប្រពន្ធនិងកូនប្រុសៗចំនួន០៤នាក់ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះកាលនៅរស់ មានជម្ងឺប្រចាំកាយ គឺ ទឹកដក់ក្នុងសួត ចំនួន០៥ឆ្នាំមកហើយ ហើយតែងតែទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនដង ផងដែរ តែស្ថានភាពជម្ងឺ នៅតែមិនធូរស្បើយ ។
ចុងក្រោយ ក៏សម្រេចចិត្ត លាចាកចេញពីកូនប្រពន្ធ មករស់នៅអាស្រ័យតាមចិញ្ចើមថ្នល់ និងបាយទឹកក្នុងវត្ត ហើយក៏មានសប្បុរសជន ផ្តល់បាយទឹកឲ្យ នៅក្បែរសួនច្បារមាត់ស្ទឹងតាខ្មៅ និងពេលយប់ មកសម្រាកក្រោមសំយ៉ាបមន្ទីរការងាររដ្ឋ អែបផ្លូវមាត់ស្ទឹង ។
មន្ត្រីសាលាសង្កាត់តាខ្មៅ បានឲ្យដឹងថាលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ដោយបេះដូងមនុស្សធម៌ បានចេញថវិការជួលរថយន្តសម្រាប់ដឹកសពនិងថវិការសម្រាប់អាចា្យយោគី ( អាចារ្យភ្លុកអ្នកបូជាសព) យកសពជនរងគ្រោះទៅបូជានៅទីបច្ឆាវត្តក្របៅ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និង និមន្តព្រះសង្ឃបង្សកូលជូនវិញ្ញានក្ខន្ត័ ជូនជនរងគ្រោះ ៕