ខេត្តកំពង់ឆ្នាំង ៖

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពយកមួកសុវត្ថិភាព គប់ទៅលើជនរងគ្រោះ និងបានយកខ្សែក្រវ៉ាត់ វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលពីខាងក្រោយ។ករណីនេះ កើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ស្ថិតនៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចំនួន០៤នាក់ មធ្យោបាយរថយន្តចំនួន០១គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងកំពង់ឆ្នាំង បានចុះបង្ក្រាបករណី "ហិង្សាដោយចេតនា" នេះ ស្ថិតនៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ 

ដោយឡែក ជនសង្ស័យ មានឈ្មោះរុំ សុវណ្ណរ៉ូត ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិ(ខ្មែរ) មុខរបរ(កសិករ) អាស័យដ្ឋានរស់នៅភូមិទី០៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង មាន៖ -ម៉ូតូចំនួន០១គ្រឿង SUZUKI Smash ពណ៌(ស.ខ្មៅ) ពាក់ស្លាកលេខ ភ.ព 1DD.2651 ។ ២-មួកសុវត្ថិភាពចំនួន(០១), ៣-ខ្សែក្រវាត់ចំនួន(០១) ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី ៕