ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ៦រូប លើ ៣ប្រភេទកីឡា នៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះ បានធ្វើដំណើរចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីពង្រឹងសមត្ថភាព និងគុណផលកម្រិតខ្ពស់ ជាមួយគ្រូជំនាញ នៅមជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់ នាខេត្តគ័ងទុង សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ។ ការចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនេះ រួមមានអត្តពលិកកីឡាកាយសម្ព័ន្ធ (កីឡាករ ទែន វ៉ាន់ដេត និង ភាព យុង), កីឡាលើកទម្ងន់ (កីឡាការិនី ជ័យ សៅសុជាតា និង ទ្រី សុភ័ក្ដ្ររាជ) និងអត្តពលិកកីឡាគុនដាវ (កីឡាករ ថុង តាំងជីន និងកីឡាការិនី យី លីហ្សា) ។
ឯកឧត្តម ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនដឹកនាំអត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅចិន ការហ្វឹកហាត់នេះមានរយៈពេល ៤ខែ ចាប់ពីដើមខែកញ្ញា រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រោមគម្រោងជំនួយផ្ទាល់របស់លោកបណ្ឌិត ថាង ហ្គោដុង អនុប្រធាន NOCC ក្នុងគោលដៅសំខាន់ៗមួយចំនួន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥, កីឡាយុវជនអាស៊ី-២០២៥ និងជាថ្នាលត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដដែលបន្ដថា ការចេញទៅហាត់នៅចិន លើកនេះ លោកមានសុទិដ្ឋិនិយមខ្ពស់ ចំពោះកីឡាករ-កីឡាការិនីកម្ពុជាគ្រប់រូប ប្រសិនបើពួកគេមានការខិតខំប្រឹងប្រែង ប្រកបដោយការប្ដេជ្ញាចិត្ត និងឆន្ទៈ នឹងទទួលបានមកវិញនូវគុណផលល្អប្រសើរ ដ្បិតមជ្ឈមណ្ឌលកីឡានៅខេត្តគ័ងទុង គឺជាមជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់បំផុតមួយ ដែលសូម្បីអត្តពលិកនៅអឺរ៉ុប ព្រមទាំងកីឡាករ-កីឡាការិនីចិន នៅតាមបណ្ដាខេត្តផ្សេងៗ ក៏ទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅទីនោះដែរ។ហេតុនេះ ភារកិច្ចសំខាន់របស់កីឡាករ-កីឡាការិនីកម្ពុជា ត្រូវក្ដាប់យកឱកាសនេះ ខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព គ្រាដែលសហព័ន្ធកីឡាជាតិទាំង ៣ ក៏ត្រូវមានភាពច្បាស់លាស់ និងការទទួលខុសត្រូវលើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីរបស់ខ្លួន ពោលគឺត្រូវគោរពនូវវិន័យឲ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងប្រាចាកនូវក្រមសីលធម៌នៅទីលានហ្វឹកហាត់ ក៏ដូចជាការស្នាក់នៅ ហូបចុកជាដើម ដើម្បីទទួលបាននូវគុណផលខ្ពស់ជាងមុន ឆ្លើយតបនឹងការផ្ដល់សេចក្ដីទុកចិត្តរបស់ថ្នាក់ដឹកនាំ ពិសេសម្ចាស់ជំនួយ ។
បន្ថែមលើនេះ ក្នុងនាមសហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីទាំងអស់ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ដែលតែងគិតគូរ និងយកចិត្តទុកដាក់ ចំពោះសហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីកម្ពុជា ពិសេសការគាំទ្រ និងឯកភាព ក្នុងការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅចិនពេលនេះ។ ឯកឧត្តម រំពឹងថា គម្រោងដ៏ល្អមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ៕