រាជធានីភ្នំពេញ ៖ 

ផ្ទះមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈម្ចាស់អត់នៅ ហើយ ចាក់សោទ្វារចោល ក៏ស្រាប់តែមានចោរ១ក្រុម ធ្វើសកម្មភាពគាស់លួចយកម៉ូតូចំនួន៣គ្រឿង កាលពីវេលាម៉ោង៣និង៥នាទីទៀបភ្លឺថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។ ខណៈនោះ អ្នកភូមិឃើញ ហើយស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើល ទើបក្រុមចោរ យកម៉ូតូបានតែ២គ្រឿង ចំណែក១គ្រឿងទៀត បញ្ឆេះមិនឆេះហើយបែកកង់ទៀត ក្រុមចោរក៏រុញទម្លាក់ចូលទៅក្នុងមាត់លូទឹកតែម្ដង ។

ម្ចាស់ផ្ទះ មានឈ្មោះម៉ា នីកា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់អីវាន់អនឡាញ បានបាត់បង់ម៉ូតូម៉ាក Honda Zoomer-X ចំនួន២គ្រឿង ក្នុងនោះ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល1AA-4799 និង១គ្រឿងមិនចាំស្លាកលេខ ។ ចំណែកឯម៉ូតូ១គ្រឿងទៀតដែលចោររុញទម្លាក់ចូលមាត់លូទឹកនោះ ម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FE-2401 ។  ម្ចាស់ផ្ទះ បាននិយាយថា តាមរយៈការឆែកកាមេរ៉ាសុវត្ថិភាព បានឃើញថាក្រុមចោរមានគ្នាចំនួន៤នាក់ ហើយ បានគាស់និងដោះកញ្ចក់ទ្វារផ្ទះរបស់គាត់ រួចចូលលួចយកម៉ូតូទាំង៣គ្រឿងដែលគាត់បានទុកនៅក្នុងផ្ទះ ។

ម្ចាស់ផ្ទះ បាននិយាបន្តទៀតថា នៅវេលាល្ងាចថ្ងៃទី០៣ ខែកញ្ញា គាត់បានចាក់សោទ្វារផ្ទះចោល អត់មានអ្នកនៅមើលទេ។ បន្ទាប់មក ក៏ជិះរថយន្តទៅលេងផ្ទះបងថ្លៃ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយ អត់បានត្រលប់មកវិញនោះទេ។ លុះដល់វេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី០៤ ខែកញ្ញា ស្រាប់តែអ្នកជិតខាង បានខលប្រាប់ថា មានចោរគាស់ផ្ទះនិងបានឃើញចោរកំពុងអូសម៉ូតូចេញពីផ្ទះ ។

ពេលនោះ ម្ចាស់ផ្ទះ បានបើករថយន្តត្រលប់មកផ្ទះវិញភ្លាមៗ ហើយពេលមកដល់ ឃើញទ្វារចំហរនិងបាត់ម៉ូតូទាំង៣គ្រឿង ទើបទៅប្ដឹងនគរបាលប៉ុស្តិ៍សំរោងក្រោម ឲ្យជួយអន្តរាគមន៍។ រហូតដល់ព្រឹកឡើង ស្រាប់តែមានគេទៅប្រាប់ថា បានប្រទះឃើញម៉ូតូ Honda Scoopy ១គ្រឿង នៅក្នុងប្រឡាយទឹកចំងាយ១០០ម៉ែត្រពីផ្ទះ ។  ភ្លាមនោះ គាត់ទៅមើលហើយបានស្គាល់ថា ជាម៉ូតូរបស់គាត់ដែលចោរទុកចោល ក៏ស្រង់យកទៅធ្វើការជួសជុលដើម្បីទុកជិះបន្តទៀត ៕