កណ្តាល ៖
ពិតជាគ្មានការខ្មាស់អៀនមែន ខ្លួនជាបុរសវ័យចំណាស់ទៅប្រទូស្តកេរ្តិ៍ខ្មាស់ក្មេងស្រីជាអនីតិជននៅក្នុងផ្ទះរបស់នាង ដែលករណីខាងលើ កើតហេតុនៅវេលាម៉ោង១៦.១៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ក្រោយម្តាយកុមារីរងគ្រោះ មកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកឬស្សី ។
លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថាក្មេងស្រីរងគ្រោះ ជាអនីតិជន ទើបតែអាយុ១២ឆ្នាំ មានមុខរបរជាសិស្ស មានទីលំនៅភូមិសង្កាត់កើតហេតុ។ ចំនែកជនសង្ស័យជាបុរសវ័យចំណាស់ឈ្មោះ ទួត សំអឿន អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្នុងភូមិសង្កាត់ដូច កុមារីរងគ្រោះដែរ ។
លោកអធិការ បានបញ្ជាក់បន្ថែមថាយោងលើពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះ បានឲ្យដឹងថាកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យ បានជិះម៉ូតូមកផ្ទះកុមារីរងគ្រោះដើម្បីមកធ្វើកុំព្យូទ័រ ឲ្យកូនស្រីរបស់គាត់ ហើយដោយឃើញកូនស្រីរបស់គាត់ នៅផ្ទះម្នាក់ឯងកំពុងលាងចាននៅផ្ទះបាយ ។
ជនសង្ស័យ ក៏បើកទ្វារចូលទៅចាប់កាន់ដៃនាង មកអង្គុយកន្លែងតុបាយ ដោយអោបថើប ព្រមទាំងយកដៃស្ទាបកេរ្តិ៍ភេទកុមារីរងគ្រោះពីលើសំពត់ថែមទៀត។ គាប់ជួនពេលនោះ ម្តាយកុមារីរងគ្រោះចេញពីធ្វើការមកទាន់ ជនសង្ស័យ ក៏ងើបស្ទុះទៅកន្លែងតុ Computer វិញ។ លុះព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ម្តាយកុមារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកឬស្សី ឲ្យឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍។ តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាពយកដៃស្ទាបកេរ្តិ៍ភេទលើសំពត់ក្មេងស្រីជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធិនៃច្បាប់ ៕