ភ្នំពេញ ៖
ស្រ្តីមេការភោជនីយដ្ឋានម្នាក់ ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់នៅ ក្នុងបន្ទប់ជួលជាន់ទី១ បន្ទប់ជួលលេ៨ ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទី រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសភាពហើមស្អុយទៅហើយ ។
ស្រ្តីរូបនោះឈ្មោះអាង សុវណ្ណ ហៅ ពេជ្រ អាយុ៣៤ឆ្នាំ មានមុរបរ មេការភោជនីយដ្ឋាន «អាស្រី» មានស្រុកកំណើតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងស្នាក់នៅក្នុងបន្ទប់ជួលខាងលើ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះ បានទៅស្នាក់នៅក្នុងបន្ទប់ជួល ខាងលើរយៈពេលជាង២ខែមកហើយ និងបានធ្វើជាមេការភោជនីយដ្ឋាន អាស្រី ដែល ស្ថិតនៅជិតកន្លែងកើតហេតុនោះដែរ ។ នៅមុនពេលមានការភ្ញាក់ផ្អើល មានធំក្លិនស្អុយ ភាយចេញពីបន្ទប់កើតហេតុ ពេលនោះដោយមានការងឿងឆ្ងល់ ម្ចាស់ផ្ទះជួលបានឡើងទៅមើល ។
ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ពេលទៅដល់ឃើញទ្វារបន្ទប់អត់មានជាប់សោរឬ គន្លឹះពីខាងក្នុងនោះឡើយ ហើយម្ចាស់ផ្ទះជួលក៏បានរុញទ្វារចូលទៅ ក៏ស្រាប់តែឃើញជន រងគ្រោះស្លាប់ហើមស្អុយបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោតែម្ដង ។ បន្ទាប់មកម្ចាស់ផ្ទះជួលនោះបានប្ដឹងសមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច័យ ហើយនៅ មិនទាន់ដឹងថា ជនរងគ្រោះស្លាប់ដោយខ្យល់គព្រោះផឹកស្រាច្រើន ឬ មកពីករណីផ្សេងទៀត នោះទេ ៕