រាជធានីភ្នំពេញ ៖ 

ស្ត្រីជនអនាថាម្នាក់ បានឈឺពោះសម្រាលកូននៅក្រោមដើមឈើគល់ស្ពាន ព្រះមុនីវង្សចាស់ ផ្អើលពលរដ្ឋនិងសមត្ថកិច្ច រាយការណ៍ហៅរថយន្តសាមុយ សង្គ្រោះយក ទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៤ ចំនុចក្រោមដើមឈើគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងមូលដ្ឋាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថានៅវេលាម៉ោងប្រហែលជា២រសៀល គេ បានឃើញស្ត្រីខាងលើ មិនដឹងថាមកពីទីណាទេ រួចហើយ ក៏បានទៅអង្គុយក្រោមដើមអំពិលទឹកនៅគល់ស្ពានព្រះមុនីវង្ស ។

លុះមួយសន្ទុះក្រោយ ស្រាប់តែពេលនោះ ពួកគាត់បានឮសំឡេងមានក្មេងយំ បានទៅមើល ក៏ឃើញស្ត្រីខាងលើ បានដេកសម្រាលកូននៅក្នុងខោមិនដឹងតាំងពីពេលណានោះទេ។ ក្នុងហេតុការណ៍នេះដែរ ពួកគាត់ក៏បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចអាជ្ញាធរដែរ តែពេលនោះមិនទាន់មានអ្នកណាចុះទៅអន្តរាគមន៍នោះទេ រហូតទាល់តែម៉ោងជាង៦ ល្ងាច ទើបមានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាអាជ្ញាធរ បានចុះទៅ រួចហើយក៏បាន ទាក់ទង ហៅរថយន្តសាមុយឲ្យមកធ្វើការជួយសង្គ្រោះស្ត្រីនិងកូន ផងដែរ ។ 

ករណីនេះដែរ មួយសន្ទុះក្រោយមក ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ ដោយស្ត្រីខាងលើ កើតបានកូនប្រុស ហើយ ពួកគាត់ទាំងពីរនាក់ម្ដាយកូនគឺមានសុខភាពល្អ ហើយក៏នាំយកទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ដើម្បីបន្តការព្យាបាលនិងសង្គ្រោះជាបន្តទៀត ៕