លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានលើកបង្ហាញនូវទិសទៅសំខាន់ៗក្នុងផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យកីឡាទោចក្រយានឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ។
នេះជាការលើកបង្ហាញទិសទៅរបស់លោកអគ្គលេខាធិការ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២៤-២០២៨ ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាពឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាប្រធានសហព័ន្ធ ។
ទិសដៅការងារអាណត្តិទី៥ ឆ្នាំ២០២៤-២០២៨ ដែលបង្ហាញដោយលោក នូ ចំរើន រួមមាន៖ ១. រៀបចំនិតិវិធីស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្ថែមចំនួនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ ស្របតាមចក្ខុវិស័យ និងការផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដើម្បីឈានឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។ ២.សហការជាមួយ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងបណ្ដាដៃគូឧបត្ថម្ភនានាលើគម្រោងបញ្ចូនក្រុមគ្រូបង្វឹកកីឡាករជម្រើសជាតិ និងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធទៅហ្វឹកហាត់-ប្រកួត និងសិក្សាស្រាវជ្រាវបន្ថែមរយៈពេលខ្លី និងវែងនៅក្រៅប្រទេស ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តការណ៍ការប្រកួតអន្តរជាតិនានា និងការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។ ៣.រៀបចំគណៈកម្មការបច្ចេកទេសសហព័ន្ធ តាមជំនាញ ដើម្បីសិក្សាវាយតម្លៃពីគុណភាព និងសមត្ថភាពការងារដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ខាងមុខ ។
៤.គ្រោងបង្កើនការរៀបចំការប្រកួតតាមតំបន់ និងភូមិភាគ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសរៀបចំការប្រកួត ក៍ដូចជាការជ្រើសរើសស្វែងរកកីឡាករ-កីឡាការិនី ដែលមានទេពកោសល្យ និងប្រកបដោយគុណផលកីឡា និងជាពិសេសពង្រីកការផ្សព្វផ្សាយកីឡាទោចក្រយាន តាមតំបន់ដាចស្រយាលឱ្យបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍កីឡាទោចក្រយាន។ ៥.សហព័ន្ធដាក់គោលដៅបំផុសចលនាយុវជន និងមហាជនឱ្យចូលរួមចូលរួមហាត់ និងលេងកីឡាកម្សាន្ដ សប្បាយ និងដើម្បីសុខភាពឱ្យបានកាន់តែច្រើនកុះករ ក្នុងនោះសហព័ន្ធនឹងបង្កើតទិវាជិះកង់ ដើម្បីទាំងអស់គ្នា ក្រោម ប្រធានបទ “ប្រជាជន០១នាក់ កង់០១គ្រឿង” ជារៀងរាល់ឆ្នាំនៅតាមទីធ្លាសាធារណៈ ក្នុងរាជធានីភ្នំពេញ ឬខេត្តគោលដៅទេសចរណ៍ផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយឱ្យកីឡាជិះកង់មានការរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត។ ៦.សហព័ន្ធបន្តខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ និងដៃគូឧបត្ថម្ភបន្ថែមទាំងសម្ភារ និងថវិកា ដើម្បីដំណើរការប្រកបដោយនិរន្តភាពតាមផែនការសកម្មភាពប្រចាំឆ្នាំ និងប្រចាំអាណត្តិរបស់សហព័ន្ធនាពេលខាងមុខ ។
ជាមួយគ្នានេះ លោក នូ ចំរើន ក៏បានលើកបង្ហាញពីចំណុចខ្សោយ និងចំណុចខ្លាំង នៅក្នុងអាណត្តិចាស់៤ឆ្នាំកន្លងមក ដោយចំណុចខ្សោយ គឺខ្វះសម្ភារសម្រាប់បម្រើការហ្វឹកហាត់ និងថវិកាជួយទ្រទ្រង់ដល់កីឡាករ កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ ក្នុងពេលរំសាយពីការប្រមូលផ្តុំពីក្រុមជម្រើសជាតិ។ ខ្វះខាតថវិកាសម្រាប់បញ្ជូន មន្រ្តីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ ដើម្បីទៅចូលរួមការប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ការហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិជាដើម។ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យរាំងស្ទះដល់ដំណើរការហ្វឹកហាត់ និងការប្រកួតរបស់ក្រុមកីឡាករជម្រើសជាតិធ្វើឱ្យលំបាក ក្នុងការវាយតម្លៃពីគុណផល និងសិទ្ធផលបច្ចេកទេសក្នុងការត្រៀមខ្លួនចូលរួមការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងមក តាមផែនការណ៍យុទ្ធសាស្រ្តរបស់សហព័ន្ធ ដោយពុំទទួលបានមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមផែនការយុទ្ធសាស្រ្ត ដែលសហព័ន្ធទទួលបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ ។
ចំពោះចំណុចខ្លាំងត្រូវបានអគ្គលេខាធិការលើកឡើងថា សហព័ន្ធតែងទទួលបាននូវការយកចិត្តទុកដាក់ជាប្រចាំពីឯកឧត្តមប្រធានសហព័ន្ធ ទាំងស្មារតីសម្ភារ ថវិកា និងពេលវេលា ដោយពុំខ្លាចនឿយហត់ ដែលធ្វើឱ្យសហព័ន្ធគ្រប់ថ្នាក់ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយជំរុញការងារសហព័ន្ធឱ្យមានការរីកចម្រើន និងដណ្តើមបានជ័យជម្នះផងដែរ។ សហព័ន្ធទទួលបានថវិកាគាំទ្រប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ជារៀងរាល់ឆ្នាំចាប់រាប់ពីឆ្នាំ២០១៩ រហូត មកដល់ពេលបច្ចុប្បន្ន ដើម្បីអភិវឌ្ឍ និងកែទម្រង់សហព័ន្ធឈានឆ្ពោះទោការប្រកួតប្រជែងថ្នាក់តំបន់ និងទ្វីប ។
សហព័ន្ធបានបង្កើនឱកាសដល់ក្រុមកីឡាករ-កីឡាការិនីវ័យក្មេង ក្នុងការចូលរួមទៅហ្វឹកហាត់ និងការប្រកួតនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេស សម្រាប់ការអភិវឌ្ឍខ្លួនឈានឆ្ពោះទៅ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ៕