រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីត មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រា ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប២គ្រឿងបើកបរនៅពីខាងមុខ  ចំពីក្រោយ រងការខូចខាតហើយបន្តល្បឿនបើករត់ តែត្រូវភាគីម្ចាស់រថយន្តរងគ្រោះប្រដេញឃាត់បានវិញ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៣ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ដង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Ford WILDTRAK(ហ្វត វីលត្រាក់) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-9908 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្ស២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ០១ ក្នុងទិសដៅពីកើតមកលិច។ ខណៈពេលបើកមកដល់ចំណុចកើតហេតុ ក៏បង្អង់ល្បឿនឈប់រង់ចាំស្តុបក្រហម ភ្លាមនោះដែរ ស្រាប់តែគេឃើញរថយន្តបង្កម៉ាក កាមរីហាយប្រ៊ីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-0621 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងស្រាជោគជាំ ជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើប ម៉ាក FORD WILDTRAK យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្ក មិនបានឈប់ដោះស្រាយឡើយ ដោយបន្តល្បឿនបើករត់ រហូតមកដល់ចំណុចគល់ស្ពានច្បារអំពៅ ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក JAGUAR (ជែក ហ្គូរ )ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា TLN.666 បើកបរដោយនារីម្នាក់ចំពីក្រោយពេញទំហឹង រងការខូចខាត ។

ទោះយ៉ាងណា រថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ  នៅតែបន្តល្បឿនបើករត់រហូតមកដល់ចំណុចក្រោមស្ពានអាកាស៦០ម៉ែត្រ បានបួងចង្កូតជ្រុលទៅបុកគំនរថ្មនិងគំរបលូ ទើបទៅមុខលែងរួច។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ ចុះមកបន្តវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕