ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពជំនាញក្រោមចំណុះ នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់កីឡា និងការប្រកួតកីឡាទូក នៅទីតាំងទន្លេរវៃគោ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ នៅសាលាខេត្តស្វាយរៀង ។
នាកិច្ចពិភាក្សានោះដែរ ឯកឧត្តមរដ្ឋលេខាបានមានប្រសាសន៍បញ្ជាក់អំពីការផ្សព្វផ្សាយពិធីរត់ភ្លើងគប់ជុំវិញខេត្តទាំង០៥ រួមមានខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងបន្តទៅកាន់ខេត្តកណ្តាលចាប់ចេញដំណើរពីទីតាំង(ព្រែកជីកហ្វូណនតេជោ) រួចបន្តទៅដង្ហែទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រកាសពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ។
ក្នុងកិច្ចពិភាក្សាការងារនេះអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា បានមានប្រសាសន៍រីករាយស្វាគមន៍ និងសម្តែងអារម្មណរំភើបរីករាយដែលក្នុងខេត្តស្វាយរៀងតែងតែមានការប្រកួតកីឡា ដែលនេះសបញ្ជាក់ថាការរៀបចំរបស់ថ្នាក់ដឹកនាំខេត្តបានរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានសន្តិភាពជូនពលរដ្ឋ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ នឹងរៀបចំធ្វើឡើងនៅទីតាំងទន្លេរវៃគោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងពិធីរត់ភ្លើងគប់កីឡានឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ៕