លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានទទួលស្វាគមន៍ការវិលត្រលប់របស់ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី កីឡាហែលទឹកជើងទាកម្ពុជា ពីការប្រកួតព្រឹត្តិការណ៍ 18th CMAS Finswimming World Cup Round 4 នាអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ។

សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនកីឡាករ និងកីឡាការិនី ចំនួន ០៣រូប រួមមាន កីឡាករ ហែម ប៉ុច កីឡាការិនី កាំង មុយនីន និងកីឡាការិនី ហួន ទិត្យដាលីន ទៅចូលរួមការប្រកួត 18th CMAS Finswimming World Cup, Round 4 ចាប់ផ្ដើមពីថ្ងៃទី០៦ -ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា ភាពជោគជ័យរបស់កីឡាការិនីហែលទឹកជើងទា ហួន ទិត្យដាលីន កើតឡើងពីការខិតខំប្រឹងប្រែង និងសមត្ថភាពផ្ទាល់ មិនមែនកើតឡើងចៃដន្យឡើយ ក្នុងនោះកីឡាការិនីរូបនេះដណ្តើមមេដាយសរុប៤គ្រឿង គឺប្រាក់២គ្រឿង សំរឹទ្ធ ២ គ្រឿង ។ លោក ហែម គិរី បន្តថា ប្រកួតនេះជាការប្រកួតលើកទី១ របស់ ហួន ទិត្យដាលីន ពិតជាធ្វើបានល្អ ជាពិសេសមានការជួយជ្រោមជ្រែង យកចិត្តទុកដាក់ និងគាំទ្រលើកទឹកចិត្តក្នុងការហ្វឹកហាត់របស់កីឡាការិនី ហួន ទិត្យដាលីន ពីសំណាក់ អាណាព្យាបាល ។ លោក ហែម គិរី សូមអំពាវនាវដល់មាតាបិតាទាំងអស់ឲ្យមានការគាំទ្រ និងលើកទឹកចិត្តដល់កូនៗឲ្យចូលលេងកីឡាឲ្យបានច្រើនបន្ថែមទៀត។ គ្រប់ប្រភេទកីឡាមិនថាកីឡាណាណានោះទេឲ្យតែមានការជំរុញ និងលើកទឹកចិត្តច្បាស់ណាស់នាថ្ងៃមុខ នឹងទទួលបានជោគជ័យ ។

សម្រាប់លទ្ធផលកីឡាការិនី ហួន ទិត្យដាលីន ប្រកួតលើប្រភេទវិញ្ញាសាហែលទឹកចម្ងាយ ៥០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសាហែលទឹកចម្ងាយ ១០០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសាហែលទឹកចម្ងាយ ៥០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់ ០១គ្រឿង និងវិញ្ញាសាហែលទឹកចម្ងាយ ១០០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់ ០១គ្រឿង ៕