រាជធានីភ្នំពេញ ៖
ជនសង្ស័យវ័យក្មេង២នាក់ បានជិះម៉ូតូ១គ្រឿង ចូលទៅធ្វើសកម្មភាពលួចកាបូបលុយនៅក្នុងផ្ទះមួយកន្លែង ប៉ុន្តែត្រូវបានម្ចាស់ផ្ទះឃើញទាន់ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ។ ពេលនោះ បាននាំគ្នាជួយដេញចាប់ បានម្នាក់ភ្លាមៗ រួចប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនមកសាកសួរនិងចាត់ការតាមច្បាប់ ចំណែកឯបក្សពួកម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៥ នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះមួយកន្លែង នៅក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យវ័យក្មេងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះត្រូវបាននគរបាលនាំទៅសាកសួរភ្លាមៗ ដោយឡែកម្ចាស់ផ្ទះកើតហេតុក៏មិនបានប្រាប់ឲ្យដឹងអត្តសញ្ញាណនោះដែរ ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោងខាងលើ គេបានឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាប៊ីត១គ្រឿងមិនចាំស្លាកលេខ ទៅឈប់នៅចំណុចមុខផ្ទះកើតហេតុខាងលើនោះ ។ បន្ទាប់មក ជនសង្ស័យម្នាក់ដែលជាអ្នកជិះខាងក្រោយ បានចុះដើរចូលទៅក្នុងផ្ទះ បានធ្វើសកម្មភាពលួចកាបូបលុយក្នុងផ្ទះនោះ រីឯម្នាក់ទៀតអង្គុយលើម៉ូតូរង់ចាំនៅខាងក្រៅ ។
ប្រភពដដែល បានឲ្យដឹងបន្តថាភ្លាមៗនោះ ត្រូវបានម្ចាស់ផ្ទះឃើញទាន់ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង បាននាំគ្នាដេញចាប់បានម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោក នាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯបក្សពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ហើយ នគរបាលកំពុងបន្តនិតិវិធីស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនថែមទៀតហើយ ៕