រាជធានីភ្នំពេញ ៖
ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវk៥ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ត្រូវបានអគ្គិភ័យឆាបឆេះ ហុយផ្សែងទ្រលោម តែសំណាងល្អប្រជាពលរដ្ឋ នាំគ្នាជួយបាញ់ពន្លត់ទាន់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ហើយ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បានទៅអន្តរាគមន៍ផងដែរ ។
តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីជាន់ទី១ ដោយមានផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍បាញ់ពន្លត់និងទាក់ទងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើង បានរលត់ទៅវិញពុំបណ្តាលឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ ។ ទាក់ទិនការកើតមានអគ្គិភ័យនេះ តាមម្ចាស់ផ្ទះ បានឲ្យដឹងថា បណ្ដាមកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនបោកគក់ខោអា ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាអគ្គិភ័យនេះ បានបណ្ដាលឲ្យសម្ភារៈមួយចំនួន រួមមាន៖ ខោអាវ,ម៉ាស៊ីនបោកគក់និងសម្ភារៈមួយចំនួន បានរងការខូចខាត ៕