ខេត្តស្វាយរៀង ៖
ក្មេងប្រុសម្នាក់ ដោយសារតែជីវភាពក្រីក្រ បានហែលទឹកប្រឡាយឆ្លងទៅដកផ្សិតអាកាស្យា លក់ តែជាអកុសល បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៤នៅក្នុងទឹកប្រឡាយ ស្ថិតនៅភូមិត្រោកតូចឃុំស្វាយធំ ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថាកុមារារងគ្រោះ ឈ្មោះ ឈា ឆៃ ភេទប្រុសអាយុ១៤ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះស៊ុន ឆាន អាយុ៤០ឆ្នាំ និងម្តាយឈ្មោះសុខ ផា អាយុ៣៩ឆ្នាំ មានកូន២នាក់ ស្រី១ ប្រុស១ ហើយជនរងគ្រោះ គឺជាកូនច្បង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ប្រភព បន្តថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិក្មេងៗ០៤នាក់ បាននាំគ្នា ដើរដកផ្សិត ផ្ចាក់និងផ្សិតអាកាស្យា នៅតាមទួលខាងក្រោយភូមិ ដើម្បីយកទៅលក់ ។
ក្រោយពីដើរដកផ្សិតនៅតាមទួល រួចមក ក៏នាំគ្នាហែលទឹកប្រឡាយ ក្នុងគោលបំណងឆ្លងទៅដកផ្សិតនៅតាមភ្លឺប្រឡាយ ខណៈនោះក្មេងប្រុស០៣នាក់ បានហែលឆ្លងទៅដល់ត្រើយម្ខាង មុន។ ចំណែកជនរងគ្រោះ ហែលតាមក្រោយ ដោយដៃម្ខាងកាន់ថង់ដាក់ផ្សិត កន្លះថង់ ខណៈហែលបានជាងពាក់កណ្តាលជិតដល់ច្រាំងហើយ ក៏ស្រាប់តែជនរងគ្រោះអស់ដៃអស់ជើង ហែលលែងរួច ក៏ស្រែកឲ្យមិត្តភក្តិ ជួយ ខណៈនោះក្មេងទាំងបីនាក់ បានយកមែកឈើឲ្យជនរងគ្រោះតោងដែរ ។
តែជនរងគ្រោះតោងមិនបាន ក៏លិចទៅក្នុងទឹក ក្មេងៗក៏ស្រែកហៅ បុរសម្នាក់ដែលកំពុងបោចស្មៅក្នុងស្រែឲ្យមកជួយ ។ តែពេលមកដល់ ក្មេងប្រុសរងគ្រោះបានលិចចូលក្នុងទឹកបាត់ទៅហើយ។ ខណៈនោះ អ្នកភូមិ មកដល់ ក៏ចុះរាវរក តែមិនឃើញរហូតដល់មួយម៉ោង ទើបរកឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ក្រោយមក សមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតមែន ហើយក៏បានប្រគល់សពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕