រ៉េត ស៊ូហ្សាណា តារាចម្រៀងស្រីវ័យក្មេងដ៏មានសក្កានុពលក្នុងស្រទាប់យុវវ័យ មិនត្រឹមតែមានរូបសម្រស់ដ៏ស្រស់ស្អាតគួបផ្សំនឹងស្ទីលតុបតែងខ្លួនតាមទាន់សម័យកាលប៉ុណ្ណោះទេ បើនិយាយពីទេពកោសល្យនៅក្នុងវិស័យសិល្បៈវិញ តារាស្រីរូបនេះមានសមត្ថភាពទៅលើការច្រៀងបានយ៉ាងពីរោះ ទាំងជាភាសាជាតិ និងជាភាសាអន្តរជាតិ។ ក្រៅពីនេះថែមទាំងមានសមត្ថភាពខាងផ្នែកសម្តែង ថតស្ពតពាណិជ្ជកម្ម និងសមត្ថភាពពិសេសៗជាច្រើនទៀតផងដែរ ។
យ៉ាងណាមិញបន្ទាប់ពីតារាស្រីរូបនេះបានហក់ចូលមកកាន់ផលិតកម្មបារមី គេសង្កេតឃើញថាកញ្ញាបានបញ្ចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ទុកចែកជូនជាការសណ្តាប់ដល់អ្នកគាំទ្ររបស់ខ្លួន។ ដោយឡែកកាលពីពេលថ្មីៗនេះ ហ្សាណា បានបញ្ចេញបទចម្រៀងថ្មីមួយទៀតនៅក្នុងផលិតកម្មខាងលើចំថ្ងៃភ្ជុំបិណ្ឌតែម្តង ដែលបទចម្រៀងនោះមានចំណងជើងថា “ស្ត្រីសេរី” ជាបទដែលបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយនិយាយពីគុណតម្លៃរបស់ស្ត្រី និងការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជាជាដើម។ បទនេះទៀតសោត ក៏មានការចូលរួមច្រៀងរួមគ្នាដោយផ្ទាល់ពីម្ចាស់ផលិតកម្មវ័យក្មេង កញ្ញា ឡូរ៉ា ម៉ម ថែមទៀតផង ។
គួរបញ្ជាក់ថា៖ កញ្ញា រ៉េត ស៊ូហ្សាណា បានប្រកាសចូលជាសមាជិកផ្លូវការនៃគ្រួសាររបស់ផលិតបារមីកាលពីថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 កន្លងទៅនេះ ដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កញ្ញាបានបញ្ចេញបទចម្រៀងរបស់ខ្លួនបានចំនួនបីបទហើយ ក្នុងនោះរួមមាន បទ “Lost”, បទ “Better Off” និង បទ “ស្ត្រីសេរី” ដែលទើបតែចេញកាលពីពេលថ្មីៗនេះ ៕