ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា សម្រាប់ទីតាំងដែលនឹងគ្រោងរៀបចំការប្រកួតប្រភេទកីឡាប្រដាល់គុនខ្មែរនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នេះគឺកំណត់យក សាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលកីឡាកងយោធលខេមរភូមិន្ទ ស្តាតចាស់ ។
ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានបន្តឲ្យដឹងថា ការប្រកួតកីឡាជាតិ លើកទី៤ នេះបើតាមផែនការប្រភេទប្រដាល់គុនខ្មែរគឺនឹងត្រូវប្រកួតនៅទីតាំងសាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងស្តាតចាស់ចាប់ពីថ្ងៃទី២ ដល់ ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម ប្រធានសហព័ន្ធបានបន្ថែមទៀតថា ការប្រកួតកីឡាជាតិលើកនេះឯកឧត្ដមចង់ឲ្យព្រឹត្តិការណ៍នេះកាន់តែធំ និងប្រសើរជាងលើកមុនៗទៅទៀត ដូច្នេះហើយសហព័ន្ធកំពុងធ្វើផែនការជំរុញការចូលរួមពីសំណាក់កីឡាករខ្លាំងៗឲ្យបានច្រើន និងស្វែងរកដៃគូសហការដើម្បីរកថវិកាឧបត្ថម្ភគាំទ្របានកាន់តែច្រើនពិសេសផ្ដល់លើប្រាក់រង្វាន់ ។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប្រកួតកីឡាជាតិលើកទី៤ នេះនឹងមាន ៣៦ប្រភេទកីឡា និងកីឡាជាតិជនពិការ លើកទី២ មាន ៦ប្រភេទកីឡា។ ចំពោះប្រភេទកីឡាប្រដាល់គុនខ្មែរបើតាមផែនការកំណត់គឺនឹងប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្តាតចាស់ ៕